ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

វិធីធ្វើថ្នាំពុលធម្មជាតិ

តើថ្នាំពុលធម្មជាតិជាអ្វី?

ថ្នាំពុលធម្មជាតិ គឺការប្រើសារធាតុផ្សំពីរុក្ខជាតិ ឬវត្ថុធាតុដើមតាមបែបធម្មជាតិ ដែលមិនប្រឈមគ្រោះថ្នាក់ដល់សុខភាពទាំងអ្នកផលិត និងអ្នកបរិភោគ។ រុក្ខជាតិដែលយកមកធ្វើបានមានច្រើនប្រភេទ ដូចជា ស្លឹកទាបបាយ ស្លឹកទាបបារាំង ស្លឹកគ្រៃ ស្លឹកកន្តួត ស្ដៅ បណ្ដូលពេជ្រ គ្រាប់ស្លែង ម្ទេស ខ្ញី រំដេង កន្រ្ទាំងខេត្រ ទំពាំង កូនឬស្សីព្រៃ….។

ថ្នាំផ្សំពីរុក្ខជាតិដើម្បីកំចាត់ដង្ហូវ- អណ្តើកមាស ខ្ញុង ពីងពាង

✅គ្រឿងផ្សំ

  • សំបកស្លែង ១០០ ក្រាម
  • ស្លឹកទន្រ្ទានខែត្រ ៣គក
  • ស្លឹកកន្រោ្ទបខ្មោច ៣ គ.ក
  • ស្លឹកទំពូង ៣ គ.ក
  • ស្លឹកត្រុំខ្មោច ៣.គ.ក.
  • លាមកគោ ៥ គ.ក

✅សំភារៈ

  • ពាងទឹកឬធុងចំណុះ ៤០ លីត្រ ឬ ៦០ លីត🪣
  • បាវក្រចៅមួយ
  • ខ្សែសំរាប់ចងមាត់បាវ

✅វិធីធ្វើ

យកគ្រឿងផ្សំខាងលើច្របល់ក្នុងបាវ ក្រចៅចងឱ្យជាប់ រួចចាក់ទឹកឱ្យពេញ ។ បន្ទាប់មកយកគំរបពាងគ្របពីលើឱ្យជិតហើយទុករយៈពេល ៣០ ថ្ងៃ ទើបយកទៅប្រើបាន ។

✅វិធីប្រើប្រាស់

យកទឹកថ្នាំ ៥ កំប៉ុងទឹកដោះគោលាយទឹកធម្មតា ២០ លីត្រ ស្រោចពីលើដំណាំ រួចស្រោចទឹកធម្មតាលាងតាមក្រោយ ។

ថ្នាំពុលផ្សំពីរុក្ខជាតិកំចាត់ ដង្កូវស៊ីរូងដើម និងដង្កូវស៊ីស្លឹក

គ្រឿងផ្សំ

  • ទំពាំង ១,៥ គ.ក
  • ម្សៅសាប៊ូ ៣-៤ក្ដាប់
  • ទឹក១០ លីត្រ

✅វិធីផ្សំ

យកទំពាំងចំនួន ១,៥ គ.ក ហាន់ឱ្យតូចៗបន្ទាប់មកយកទៅត្រាំទឹកក្នុងពាងដែលមានទឹក ចំណុះ ១០លីត្រ រួចត្រាំទុកចំនួន ២យប់។ ទឹកទំពាំងនេះមានប្រសិទ្ធិភាពខ្លាំង នៅពេលយើង ត្រាំវារយៈពេល ២យប់បើត្រាំលើស ២ យប់ ទំពាំងសាបលែងសូវមានប្រសិទ្ធភាព ។

✅វិធីប្រើប្រាស់

យកទឹកទំពាំងដែលបានត្រាំហើយចំនួន ១លីត្រ លាយសាប៊ូ ៣-៤ ក្ដាប់ កូរឱ្យសព្វ រួច លាយជាមួយទឹកធម្មតា ៨ លីត្រ។ បន្ទាប់មកយកទៅបាញ់លើដំណាំ(ស្រូវក៏បាញ់បាន) ដែលកំពុងទទួលរងការបំផ្លាញ។

សម្គាល់ : បាញ់នៅពេលព្រឹកព្រលឹម

❎សូមប្រយ័ត្ន: កុំឱ្យសត្វស្រុក ដូចជា មាន់ ទា ជ្រូក ចុះផឹកទឹកក្នុងស្រែឱ្យសោះព្រោះបណ្ដាលឱ្យសត្វទាំងនោះងាប់ភ្លាមៗបាន ។