ការធ្វើដំណុះគ្រាប់ពូជ យើងត្រូវចាប់យកគ្រាប់ពូជដោយចៃដន្យចំនួនពី ៥ ទៅ ២០គ្រាប់ ហើយរក្សាទុកនៅកន្លែងដែលមានសីតុណ្ហភាពសមស្របក្នុងអំឡុងពេលធ្វើតេស្ដសដំណុះគ្រាប់ ដោយធ្វើការសង្កេតមើលចំនួនគ្រាប់ដែលចេញពន្លក។ ដើម្បីគណនាភាគរយនៃដំណុះ យើងត្រូវសមាមាត្រចំនួនគ្រាប់សរុប ជាមួយនឹងគ្រាប់ដែលបានចេញពន្លក។
ខាងក្រោមនេះគឺជាវិធីសាស្រ្ដធ្វើតេស្ដដំណុះគ្រាប់ងាយៗ មុននឹងធ្វើការដាំដុះដំណាំ៖
យកក្រដាសកាសែត ឬក្រដាសអនាម័យ ឬក្រដាសឆុងកាហ្វេ មកត្រាំជាមួយទឹកឲ្យជោគសព្វល្អ។ បន្ទាប់មកយកគ្រាប់ពូជមករាយនៅលើក្រដាសនោះតែមួយកំណាត់ក្រដាសតែប៉ុណ្ណោះ ដោយយើងទុកក្រដាសមួយកំណាត់ទៀតមកគ្របពីលើគ្រាប់ពូជ ឬមូលទុកដោយប្រើប្រាស់កៅស៊ូកងរុំគ្រាប់ពូជដែលបានរាយហើយនោះ ដោយរក្សាទុកវានៅក្នុងថង់ ឬប្រអប់ដែលបិតជិតមិនឲ្យរំភាយចំហាយទឹកចេញ។ ពីរថ្ងៃបន្ទាប់ យើងអាចបើកមើល និងរាប់ចំនួនគ្រាប់ដែលបានចេញពន្លកមកមានសភាពល្អ និងរឹងមាំ។
ធ្វើការបាញ់ចំហាយទឹកបន្ថែមទៅលើគ្រាប់ពូជនិងលើក្រដាស២ទៅ៣ថ្ងៃម្ដង ដោយប្រាកដថាមិនឲ្យជោគខ្លាំងពេក និងរក្សាទុកនៅកន្លែងដែលមានសីតុណ្ហភាពសមស្របពី ២៣អង្សាទៅ៣០អង្សាសេ អាស្រ័យទៅតាមប្រភេទគ្រាប់ពូជ។ ធ្វើការពិនិត្យ និងរាប់ចំនួនគ្រាប់ដែលបានដុះពន្លកជាប្រចាំ រហូតដល់ពេលដែលយើងសង្កេតឃើងថាមិនមានគ្រាប់ដុះពន្លកមកបន្ដទៀត នោះមានន័យថាការធ្វើតេស្ដនេះត្រូវបានបញ្ចប់ហើយ។
ប្រភេទគ្រាប់ពូជដូចជាសណ្ដែកដី និងគ្រាប់ដំណាំដែលយកឬសផ្សេងៗទៀត មិនអាចធ្វើតេស្ដដំណុះដោយប្រើប្រាស់ក្រដាសបានទេ ដោយហេតុថាពូជដំណាំប្រភេទនេះត្រូវការសំណើមច្រើន និងកម្ដៅខ្ពស់ក្នុងការធ្វើដំណុះ។ ដើម្បីធ្វើតេស្ដនេះ យើងត្រូវការដីជាចាំបាច់ ក្រៅពីនេះមានឧបករណ៍ផ្សេងៗទៀតដូចជា ផើង និងកំទេចស្នោរកសិកម្ម (Perlite)។
យើងត្រូវដាក់ដីចូលទៅក្នុងផើង បន្ទាប់មកដាក់កំទេចស្នោរកសិកម្ម (perlite)នៅពីលើដីនោះ ដោយដាក់គ្រាប់ពូជនៅជម្រៅប្រមាណមួយថ្នាំងដៃពីដីស្រទាប់លើ។ ដំណើរការនេះត្រូវការសំណើមខ្ពស់ និងក្ដៅខ្លាំង យើងអាចធ្វើតេស្ដសំណើម និងកំដៅបានដោយលុកដៃចាក់ចូលទៅក្នុងដី ឬប្រើឧបករណ៍វាស់សីតុណ្ហភាពក្នុងដីបាន។ នៅពេលដែលដំណុះដុះលើ យើងចាប់ផ្ដើមរាប់គ្រាប់ដំណុះនោះដោយកាត់ស្លឹកដើម្បីចំណាំដើមណាដែលបានរាប់បញ្ចូលហើយ។
គ្រាប់ពូជផ្កាមួយចំនួនដូចជា chamomile និងជីអង្គាម lemon balm ត្រូវការពន្លឺថ្ងៃចាំបាច់ដើម្បីធ្វើដំណុះគ្រាប់។ ក្នុងការធ្វើតេស្ដ យើងត្រូវមានសម្ភារៈ ឬឧបករណ៍ដូចជា ប្រអប់ថ្លារាងការេបិតជិត ក្រដាសអនាម័យកម្រាស់ប្រមាណ ១ទៅ២សង់ទីម៉ែត្រ។ យកក្រដាសអនាម័យត្រាំក្នុងទឹកឲ្យជោគល្អ ដាក់ចូលទៅក្នុងប្រអប់ថ្លារាងការ៉េ ដោយដាក់គ្រាប់ពូជនៅពីលើក្រដាសនោះ ដោយបិទគម្របប្រអប់ឲ្យបានជិតល្អ ហើយកទៅរក្សាទុកកន្លែងដែលមានជិះពន្លឺព្រះអាទិត្យគ្រប់គ្រាន់។
ពិនិត្យ និងរាប់ចំនួនគ្រាប់ពូជដែលបានដុះពន្លក រហូតដល់ពេលដែលមិនមានគ្រាប់ណាមួយដុះបន្ដទៀតទើបសន្មតថាបញ្ចប់ការធ្វើតេស្ដដំណុះនេះ។
ឯកសារយោង