ការនាំចេញស្វាយពីខែមករាដល់ខែវិច្ឆិកាធ្លាក់ចុះ៣០%មកត្រឹម១៧០ពាន់តោន។
យោងទៅតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ប្រទេសដែលទិញផ្លែស្វាយស្រស់ពីប្រទេសកម្ពុជាមានដូចជាប្រទេសវៀតណាម ថៃ ចិនដីគោក កូរ៉េខាងត្បូង ហុងកុង និងអូទ្រីស។
ចំណែកផ្លែស្វាយស្ងួតរបស់យើងប្រទេសដែលនាំចូលមានដូចជា៖ ចិនដីគោក ថៃ ហ្វីលីពីន វៀតណាម ជប៉ុន រុស្សី អ៊ីតាលី អង់គ្លេស កូរ៉េខាងត្បូង អាមេរិក និងអូស្ត្រាលី។
លោក ហ៊ុន ឡាក់ នាយកប្រតិបត្តិនៃក្រុមហ៊ុន Rich Farm Asia Co Ltd អ្នកវិនិយោគកសិកម្មក្នុងស្រុកដែលដាំស្វាយពូជកែវរមៀតក្នុងខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ការបង្ការការរាតត្បាតCovid-19 អនុវត្តដោយទីក្រុងប៉េកាំង គឺជាហេតុផលដ៏ធំបំផុតដែលធ្វើឱ្យការនាំចេញផ្លែឈើស្រស់ប្រចាំឆ្នាំធ្លាក់ចុះយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ មិនតែប៉ុណ្ណោះ ព្រំដែនចិន-វៀតណាមក៏បានរឹតបន្តឹងច្បាប់នៃទំនិញនាំចូលដែលជាហេតុនាំឱ្យផ្លែឈើរាប់តោនត្រូវបានជាប់គាំង។ ឧបសគ្គមួយទៀតគឺអាកាសធាតុ ដេាយហេតុភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេសបានបំផ្លាញផលិតកម្មផ្លែឈើត្រូពិច។ បន្ថែមពីលើនេះទៅទៀត ទីក្រុងប៉េកាំងគ្រោងនឹងបន្ថែមការរឹតបន្តឹងការនាំចូលដែលនឹងជះឥទ្ធិពលបន្ថែមដល់ការនាំចេញរបស់យើងផងដែរ។
តែទោះជាយ៉ាងណាក៏ដោយ គេបានព្យាករណ៌ថាការនាំចេញផ្លែស្វាយស្រស់នឹងស្ទុះងើបឡើងវិញ ពេលដែលប្រទេសចិនបានប្រកាសពីគម្រេាងបន្ធូរបន្ថយការរឹតបន្តឹងរបស់ពួកគេនាពេលថ្មីៗនេះ។