ថ្នាំកម្ចាត់ស្មៅ គឺជាថ្នាំគីមីប្រើប្រាស់ដើម្បីកម្ចាត់ ឬកាត់បន្ថយការដុះនៃស្មៅឬរុក្ខជាតិចង្រៃផ្សេងៗដែលមិនមានប្រយោជន៍។ ថ្នាំស្មៅត្រូវបានគេបែងចែកប្រភេទទៅតាមគោលបំណង និងត្រូវប្រើប្រាស់តាមការណែនាំពីផលិតផល។
គួរបញ្ជាក់ដែរថា ការប្រើប្រាស់ថ្នាំស្មៅ តម្រូវឲ្យរៀបចំពេលវេលាច្បាស់លាស់ ដូចជា បាញ់នៅពេលរសៀលជៀសវាងការស្រោចស្រពធ្វើឲ្យថ្នាំអស់ប្រសិទ្ធភាព ជៀសវាងបាញ់នៅពេលមេឃស្រទុំរកភ្លៀង ជៀសវាងបាញ់ពេលថ្ងៃក្ដៅខ្លាំងដែលនាំឲ្យរុក្ខជាតិផ្សេង ឬដំណាំគោលរលាកស្លឹកអាចប៉ះពាល់ដល់ការលូតលាស់របស់ដំណាំ។
ថ្នាំគីមីមានប្រតិកម្មផ្សេងៗគ្នាតាមរយៈ ការប៉ះផ្ទាល់(Contact) និងការជ្រាបចូល(Systemic)។ ថ្នាំដែលមានប្រតិកម្មដោយការប៉ះផ្ទាល់(Contact)មានប្រសិទ្ធភាពលឿន ស្មៅឆាប់ងាប់ស្លឹក ប៉ុន្ដែវាងាយដុះមកវិញយ៉ាងលឿនដោយសារតែវាមិនប៉ះពាល់ដល់ឬសស្មៅ ទើបធ្វើឲ្យស្មៅអាចដុះមកវិញបាន។ ចំណែកឯ ថ្នាំដែលមានប្រតិកម្មដោយការជ្រាបចូល(Systemic) ត្រូវការរយៈពេលយូរបន្ដិច ប៉ុន្ដែមានប្រសិទ្ធភាពខ្ពស់ណាស់ ដោយសារតែវាធ្វើការជ្រាបចូលពេលសរីរាង្គស្មៅ ដែលអាចធ្វើឲ្យស្មៅងាប់ទាំងឬសគល់ មិនធ្វើឲ្យស្មៅដុះឡើងវិញឡើយ។
ប្រភេទថ្នាំកម្ចាត់ស្មៅត្រូវបានបែងចែកដាច់ជាពីរប្រភេទផ្សេងៗគ្នាគឺ ប្រភេទបាញ់ជម្រើស(selective) និងប្រភេទបាញ់រង្គាល (non-selective)។ ដើម្បីស្គាល់ និងអាចប្រើប្រាស់តាមត្រូវណា យើងត្រូវមើលទៅលើសមាសធាតុផ្សំជាចាំបាច់។
១. ថ្នាំកម្ចាត់ស្មៅប្រភេទសម្លាប់ជម្រើស(selective) ប្រភេទថ្នាំនេះ មានប្រសិទ្ធភាពទៅលើស្មៅដែលបានកំណត់ដូចជាពពួកស្មៅស្លឹកធំ និងពពួកវល្លិ៍ដែលមានអាយុកាលខ្លីតែប៉ុណ្ណោះ។ សារធាតុផ្សំសំខាន់ៗនៅក្នុងថ្នាំប្រភេទនេះមានដូចជា Triclopyr, Sulfentrazone, 2,4-D ingredient, Dicamba,..etc ជាទូទៅគេប្រើវានៅក្នុងចំការ ក្នុងគោលបំណងសម្លាប់តែស្មៅចង្រៃ និងមិនប៉ះពាល់ដល់ដំណាំគោលឡើយ។
២. ថ្នាំកម្ចាត់ស្មៅប្រភេទសម្លាប់រង្គាល (non-selective) កម្រិតសារធាតុគីមីនៃថ្នាំ អាចសម្លាប់គ្រប់ប្រភេទរុក្ខជាតិ និងស្មៅចង្រៃ។ សារធាតុនេះធ្វើប្រតិកម្មទាំងប៉ះផ្ទាល់ និងជ្រាបចូល។ ថ្នាំពុលប្រភេទនេះ គេប្រើប្រាស់មុនពេលដាំដំណាំ ដើម្បីជៀសវាងការដុះស្មៅប្រជែងនឹងកូនដំណាំដែលទើបនឹងលូតលាស់។ សារធាតុផ្សំសំខាន់ៗមានដូចជា Glyphosate, Paraquat, Glufosinate, …etc ដែលវាអាចប៉ះពាល់ដល់មនុស្ស និងសត្វផងដែរ។ ដូចនេះមុននឹងធ្វើការប្រើប្រាស់ ត្រូវពិនិត្យមើលលើសំបកផលិតផល សាកសួរអ្នកលក់ផលិតផល ឬពិភាក្សាជាមួយមន្រ្ដីជំនាញជាដើម ដើម្បីកាត់បន្ថយហានីភ័យផ្សេងៗ។
ឯកសារយោង៖