ដំណាំម្រះជារុក្ខជាតិវល្លិ៍មួយប្រភេទដែលផ្លែរបស់វាមានរាងទ្រវែង ក្រឡាជ្រួញ មានរសជាតិល្វីង ។ដំណាំម្រះក៏ជាដំណាំមានការពេញនិយមបរិភោគផងដែរ ព្រោះវាមានរសជាតិឆ្ងាញ់ម៉្យាងខុសប្លែកពីដំណាំបន្លែដទៃ។ គេអាចយកម្រះទៅធ្វើម្ហូបបានច្រើនមុខ ដូចជា ឆាម្រះពងមាន់ ឆាពងទា ស្ងោរម្រះ ចំណែកស្លឹករបស់វាគេអាចយកទៅស្លបានទៀតផង។
ដូចនេះដំណាំម្រះមានការពេញនិយមបរិភោគច្រើនពីសំណាក់ប្រជាជនកម្ពុជា រីឯការដាំដុះមានច្រើនតែតាមតំបន់ប៉ុណ្ណោះ តោះមកដឹងពីបច្ចេកទេសដាំបន្លែម្រះទាំងអស់គ្នា។
ម្រះគឺជាប្រភេទដំណាំដែលត្រូវការដីដែលមានជីជាតិ ។ លក្ខខណ្ឌដីដែលអំណោយផលដល់ការដាំដុះម្រះ គឺដីជ្រាបទឹក សំបូរទៅដោយសារធាតុចិញ្ចឹមជាពិសេស N, P, K, Ca និង Na។ ប្រភេទដីល្បាប់ និង ល្បាយខ្សាច់ដែលល្អសម្រាប់ដំណាំម្រះលូតលាស់បានល្អ ជាពិសេសដីតាម មាត់បឹង ស្ទឹង ទន្លេ ដែលសំបូរទៅដោយសារធាតុមមោកដែល បានមកពីសមាសធាតុស្ងួតនៃកាកសំណល់រុក្ខជាតិ ។
កម្រិត pH=៦-៦.៨។
ការរៀបចំដីសំរាប់ដាំម្រះគឺគេត្រូវភ្ជួរនៅពេលដីស្រស់ទឹក ភ្ជួរឱ្យជ្រៅហាលដីឲ្យស្ងួត ហើយរាស់បំបែកដីឱ្យល្អិត ប្រមូលស្មៅ និងកាកសំណល់ផ្សេងៗចេញ បន្ទាប់មកទៀតភ្ជួរ ប្រែដី និងរាស់ពង្រាបបំបែកដីឱ្យបានច្រើនសារ ហើយលើករង ឱ្យខ្ពស់ដែលមានទទឹងរង ១១០-១២០សម (ដាំពីរជួរ) ។ ក្រោយពីលើករងហើយត្រូវកាប់រណ្តៅជំរៅ ៥-១០សម ជុំដីឱ្យផុស នឹងរោយផេះបន្តិចៗនៅបាតរណ្ដៅ ដើម្បីការពារគ្រាប់ពីសត្វល្អិត។
ម្រះជាប្រភេទដំណាំមួយដែលអាចដុះលូតលាស់បានពេញ មួយឆ្នាំ ។ វិធីសាស្ត្រដាំដុះគេអាចធ្វើឡើងតាមពីររៀបគឺ ៖
មុនយកគ្រាប់ពូជទៅដាំដុះ គេត្រូវ ហាលថ្ងៃឱ្យក្ដៅរយៈពេល ១-២ម៉ោង មុននឹងយកទៅដាំ។ មុន និងដាំត្រូវជ្រោយដីក្នុងរណ្ដៅឱ្យផុស ហើយដាក់គ្រាប់ជំរៅ ១-២សម ចំនួន ២គ្រាប់ ក្នុងមួយ រណ្ដៅ រួចយកជីកំប៉ុសមករោយពី លើឱ្យជិត រឺយកកំទេចចំបើងពុកៗមកគ្របពីលើរណ្ដៅបន្ដិចៗ ហើយស្រោចទឹកឱ្យជោគពេលព្រឹក ល្ងាច ក្នុងរយៈពេល ៥- ៧ថ្ងៃ ទើបវាដុះចេញពីដី ។ ដើម្បីទទួលបានទិន្នផលល្អគេដាក់ ចន្លោះជួរ ៦០-៧០សម ចន្លោះគុម្ភ ៣០-៤០សម ។
មុននឹងយកគ្រាប់ទៅបណ្តុះគេត្រូវយកគ្រាប់ពូជទៅហាលថ្ងៃឱ្យក្ដៅរយៈពេល ១-២ម៉ោងមុន នឹងយកទៅដាំដូចគ្នាទៅនិងការដាំដោយគ្រាប់ផ្ទាល់ដែរ ។ ត្រូវយកគ្រាប់ទៅដាក់បណ្តុះក្នុងថ្នាល ឬកន្ទោងបណ្តុះ រហូត ដល់គ្រាប់ដុះចេញស្លឹក២មូលៗ ត្រូវគាស់កូនយកទៅដាំ (មុនគាស់ត្រូវស្រោចទឹកឱ្យជោគរយៈពេល ២០-៣០នាទី) ។ គេដាំមួយគុម្ព មួយដើម ចន្លោះគុម្ព និងជួរដូចគ្នានិងការដាំ ដោយគ្រាប់ផ្ទាល់ដែរ ។
ដំណាំម្រះចាប់ពីដាំរហូតដល់ដុះពន្លកវាត្រូវការសំណើម មធ្យម ចាប់ពីដុះចេញស្លឹកកំណើតរហូតដល់ម្រះចេញស្លឹក ពិតចំនួន ៣-៤ វាត្រូវការសំណើមខ្លាំងជាងវគ្គដុះពន្លក ប៉ុន្តែ ក្រោយពីដុះចេញដៃសំរាប់តោងឡើងរហូតដល់ផ្លែវាត្រូវ ការសំណើមខ្លាំងជាងវគ្គនានារហូតដល់វគ្គប្រមូលផល។
ការជ្រុំជ្រោយដីមុនពេលដាំ មានអត្ថប្រយោជន៍យ៉ាងច្រើនដោយធ្វើឱ្យដីធូរ ធានាឱ្យមានការផ្លាស់ប្ដូរបន្ទុកខ្យល់ គ្រប់គ្រាន់ ធ្វើអោយជ្រាបទឹកបានល្អ រក្សាសំណើមបានយូរ បង្កឱ្យបាក់តេរីមានប្រយោជន៍នៅក្នុងដី បង្កើនសកម្មភាពបានកាន់តែខ្លាំង។
ក្រោយពីជ្រុំជ្រោយដី និងដាំបានរយៈពេល ២០-៣០ថ្ងៃ ស្មៅបង្កើនសកម្មភាពដុះលូតលាស់ ដូច្នេះម្តងនេះគេត្រូវដក ស្មៅចេញពីចំការដោយដៃ (គេមិនជ្រុំឬ ជ្រោយដីឡើយព្រោះ វាបណ្តាលឱ្យដាច់ឬសរំខានដល់ការលូតលាស់របស់ដំណាំ)
ការគ្របគល់មានអត្ថប្រយោជន៍យ៉ាងច្រើនដូចជា៖
វត្ថុធាតុផ្សេងៗដូចជា ស្មៅស្ងួត កំបោក ឬចំបើងស្រូវ ត្រូវបានគេយកមកគ្របអោយជិតពេញដីក្រោយពីជ្រុំជ្រោយដីរួច បន្ទាប់មកវែកចន្លោះទុកឱ្យទងម្រះ លូតចេញមកលើគំរប។ម្រះជាប្រភេទដំណាំតោងឡើង គេអាចដោតចំណារ ឬ ផ្ដល់សំណាញ់អោយវាតោងឡើង ជាពិសេសក្នុងវគ្គចេញដៃតោងដំបូង។
ក្រោយពីដាំម្រះបានពី១៥ ទៅ ២០ថ្ងៃ យើងអាចកាត់ខ្នែង ដែលបែកចេញពីដើមមេ ។ រក្សាតែដើមមេមួយ ប៉ុណ្ណោះ រហូតដល់ដើមមេមានកំពស់ ពី៧០ ទៅ១០០សង់ទីម៉ែត្រ ទើបយើងអាចរក្សាទុកខ្នែងបាន។ យើងអាចកាត់ខ្នែង រៀងរាល់៧ថ្ងៃម្តង។ផលប្រយោជន៍កាត់ខ្នែងខាងក្រោមៗចេញ គឺធ្វើឱ្យដើមមេដុះលូតលាស់បាន លឿន ផ្តល់ផ្លែបានធំស្មើគ្នា។
សម្រាប់អត្ថបទនេះគឺយើងផ្តោតទៅលើការចាប់ផ្តើមនៃការដាំដុះនិងបច្ចេកទេសនានា។នៅអត្ថបទក្រោយពួកយើងនិងលម្អិតបន្ថែមអំពីការប្រមូលផលនិងសត្វល្អិតចង្រៃផ្សេងៗដែលកើតលើដំណាំម្រះក៏ដូចជាវិធីការពារជូនដល់បងប្អូនឱ្យបានដឹង។
ឯកសារយោង: