ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

សារៈប្រយោជន៍របស់ស្លឹកខ្ទឹមចំពោះសុខភាព

ស្លឹកខ្ទឹមមិនត្រឹមតែងាយស្រួលដាំដុះ ផ្តល់សោភ័ណភាពដល់ម្ហូប ធ្វើឱ្យម្ហូបយើងមានក្លិនឈ្ងុយប៉ុណ្ណោះទេ ស្លឹកខ្ទឹមក៏បានផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពយើងផងដែរ។ទាំងនេះគឺជាអត្ថប្រយោជន៍របស់ស្លឹកខ្ទឹមដល់សុខភាពយើង៖

សុខភាពឆ្អឹងរឹងមាំ 

ស្លឹកខ្ទឹម មានផ្ទុកនូវវីតាមីន K ដែលជួយក្នុងការពង្រឹងសុខភាពឆ្អឹង។ វីតាមីន K ជួយធ្វើឲ្យសុខភាពឆ្អឹងរឹងមាំ ដោយបង្កើនការផលិតប្រូតេអុីនដែលត្រូវការចាំបាច់ដើម្បីរក្សាជាតិកាល់ស្យូម និងបង្កើនដង់ស៊ីតេនៃឆ្អឹង។ វីតាមីន K ដែលមានវត្តមានក្នុងស្លឹកខ្ទឹមអាចធ្វើការរួមគ្នាជាមួយវីតាមីន D និងកាល់ស្យូមដើម្បីរក្សាបាននូវសុខភាពឆ្អឹងល្អរឹងមាំគួរឲ្យកត់សម្គាល់។

ដូច្នេះក្រៅពីទទួលទានស្លឹកខ្ទឹមហើយ អ្នកក៏គួរស្ថិតក្រោមពន្លឺព្រះអាទិត្យខ្លះដើម្បីទទួលបានវីតាមីន D គ្រប់គ្រាន់ និងកុំភ្លេចព្យាយាមទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមផង។ 

ទប់ស្កាត់ជំងឺមហារីក 

ការទទួលទានបន្លែប្រភេទ allium ដូចជាខ្ទឹមស, ខ្ទឹមបារាំង, ខ្ទឹមក្រហម រួមទាំងស្លឹកខ្ទឹមនេះ ក៏មានអត្ថប្រយោជន៍កាត់បន្ថយហានិភ័យនៃជំងឺមហារីកបានប៉ុន្មានប្រភេទផងដែរ។ 

បង្កើនសុខភាពភ្នែក 

ស្លឹកខ្ទឹម គឺជាប្រភេទនៃបន្លែមានផ្ទុកបរិមាណនៃវីតាមីន A ខ្ពស់ ដែលល្អសម្រាប់សុខភាពភ្នែកជួយឲ្យមើលឃើញកាន់តែច្បាស់ និងទប់ស្កាត់ប្រឆាំងជំងឺភ្នែកមួយចំនួនផងដែរ។

ប្រសិនបើអ្នកទទួលទានស្លឹកខ្ទឹមជាប្រចាំ នោះអ្នកនឹងទទួលបានបរិមាណវីតាមីន A គ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ។

 កាត់បន្ថយជាតិស្ករក្នុងឈាម 

ស្លឹកខ្ទឹម ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ allyl propyl disulfide ដែលជួយក្នុងការកាត់បន្ថយកម្រិតនៃជាតិស្ករក្នុងឈាម។

លើសពីនេះទៅទៀត ស្លឹកខ្ទឹម មានផ្ទុកនូវជាតិរ៉ែមួយប្រភេទហៅថា chromium ដែលជាជាតិរ៉ែចាំបាច់សម្រាប់គ្រង់គ្រងកម្រិតអាំងស៊ុយលីនក្នុងឈាម និងជួយកាត់បន្ថយកម្រិតជាតិគ្លុយកូសដែលលើស រួមទាំងកម្រិតនៃកូឡេស្តេរ៉ូលមិនល្អផងដែរ។ 

ជំនួយសុខភាពស្បែក 

ស្លឹកខ្ទឹមជួយក្នុងការធ្វើឲ្យសុខភាពស្បែកកាន់តែប្រសើរឡើង ដោយវាមានផ្ទុកនូវសារធាតុ allicin។ សារធាតុនេះ គឺមានប្រសិទ្ធិភាពការពារស្បែកពីភាពជ្រីវជ្រួញ និងចាស់មុនអាយុ។

លើសពីនេះទៅទៀត allicin ក៏ជួយធ្វើឲ្យស្បែករលោងស្អាតតឹងណែន។ ចំណែកឯវីតាមីន C ដែលមានផ្ទុកក្នុងស្លឹកខ្ទឹមវិញ គឺមានប្រយោជន៍ណាស់ក្នុងការរក្សាសុខភាពស្បែក ធ្វើឲ្យស្បែកសមានពន្លឺតាមបែបធម្មជាតិ។ វីតាមីន C ក៏នឹងជួយប្រយុទ្ធប្រឆាំងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរីចំពោះស្បែកផងដែរ ។

Writer