កាលពីអត្ថបទមុនពួកយើងបានសរសេររៀបរាប់អំពីវិធីដាំរបស់ស្លឹកខ្ទឹម នៅក្នុងអត្ថបទនេះពួកយើងនឹងមកប្រាប់អំពីវិធីប្រមូលផលស្លឹកខ្ទឹមឱ្យទទួលបានផលល្អទាំងអស់គ្នា។
ការប្រមូលផល
- យើងអាចដកចាប់នឹងដៃ ប៉ុន្តែចាប់ជិតគល់វាបន្តិចកុំឲ្យដាច់មើម ។ បើសិនដីរឹងយើងគួរយកចបជីក ឬកូនរនាស់ធ្មេញវែងគាស់វាជាមុនសិន ទើបប្រមូលវា
- យើងគួរប្រមូលផលព្រឹកចាប់ពីម៉ោង ៧ ដល់ ម៉ោង ១១ និងល្ងាចពីម៉ោង ២ ដល់ម៉ោង ៥
- យើងគួរប្រមូលផលនៅពេលស្រស់ទឹកសន្សើម គ្មានភ្លៀង ដើម្បីការពារកុំឲ្យស្លឹកវាស្រួយដែលអាច បាក់បែក ច្រើន
- ពេលប្រមូលផលត្រូវឆាប់យកមកទុកក្នុងម្លប់ ដើម្បីកុំឲ្យត្រូវកំដៅថ្ងៃខ្លាំងពេក ងាយទទួលការខូចខាតដោយបាត់ជាតិទឹក និងស្រកទំងន់មកពីស្វិតស្រពោន
- កុំធ្វើការប្រមូលផលនៅពេលមានភ្លៀងព្រោះធ្វើឲ្យខ្ទឹមងាយរលួយ ។
ការសំអាត
ដើម្បីឲ្យផលិតផលមានគុណភាពល្អ ហើយមានសោភ័ណភាព និងមានតម្លៃខ្ពស់គាប់ភ្នែកអតិថិជន យើងគួរសំអាតវាឲ្យស្អាតដូចតទៅ:
- បេះសំអាតស្លឹកបាក់ ខូចខាត ងាប់ ស្អុយរលួយចោល
- ធ្វើការកាត់ឬសបន្តិច ដើម្បីកុំឲ្យនៅជាប់ដី
- កាត់រួចលាងទឹកសំអាតត្រឹមគល់បានហើយ បើមានស្នាមប្រឡាក់ដីធូលី
- ក្នុងការសំអាត យើងត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន ដើម្បីកុំឲ្យខ្ទឹមស្លឹកងាយទទួលការបាក់បែក នាំឲ្យឆាប់ខូចទុកមិនបានយូរ
- ចំពោះតម្រូវការអតិថិជនគឺយើងអាចធ្វើការសំអាតគល់ខ្ទឹមហើយលក់ភ្លាមៗ
- ពេលដឹកមកកាន់ទីផ្សារ យើងត្រូវគ្របក្រណាត់សើមពីលើ ការពារកំដៅ និងធូលីដីប្រឡាក់
- ក្នុងករណីខ្លះ គេក៏អាចដាក់ក្នុងបាវ ឬការ៉ុងបានដែរ តែការដឹកជញ្ជូនត្រូវប្រើរថយន្ត ដោយតំរៀបបាវ ឬការ៉ុងនោះទន្ទឹមគ្នា ជៀសវាងការដាក់គរលើគ្នា។
ការវេចខ្ចប់ និងដឹកជញ្ជូន
ក្រោយពីការសំអាតរួច ដើម្បីមានការងាយស្រួលក្នុងការដឹកជញ្ជូនទៅកាន់ទីផ្សារ យើងគួរធ្វើការវេចខ្ចប់ ដូចខាងក្រោម:
- ចងវាជាដុំតូចៗ (កន្លះ ឬ ១ គ.ក្រ) ដោយប្រើខ្សែ កំប្លោក ឬខ្សែចេក ដោយយកស្លឹកចេក ឬស្លឹកឈូក ស្រស់ហុំព័ទ្ធជុំវិញ ដើម្បីរក្សាពណ៌ និងកាត់បន្ថយការប៉ះទង្គិច
- គេត្រូវតំរៀបក្នុងខេង ឬជាល (បាត) ត្រូវទ្រាប់ស្លឹកចេកដែលមានកំរាស់ពី ១ ទៅ ២ សង់ទីម៉ែត្រ
- ពេលដាក់ក្នុងខេង ឬជាល យើងមិនត្រូវសង្កត់វាទេ
- តំរៀបគល់ខ្ទឹមចេញខាងក្រៅ
- ក្នុងករណីទុកបានយូរថ្ងៃ គេត្រូវពង្រាយលើគ្រែ ឬចាន ដែលធ្វើឲ្យស្ដើងល្មម ឲ្យមានខ្យល់ចេញចូល បានល្អ និង ឧស្សាហ៍ប្រោះទឹក (១ថ្ងៃ ២ដង) ឬគ្របក្រណាត់សើមពីលើ ។ ក្នុងករណីនេះ គេទុកបាន ១ទៅ ២ថ្ងៃ
- ក្នុងករណីខ្លះ យើងអាចទុកវាដោយបញ្ឈរក្នុងចានដែកដែលមានទឹក ២-៣ ផឹង ហើយក្នុងមួយថ្ងៃប្ដូរ ទឹកម្ដងចេញ ។ គេទុកក្នុងចានដែកនេះ ត្រូវដាក់ក្នុងម្លប់ត្រជាក់ល្អ ហើយមិនត្រូវប៉ះវាឡើយនៅពេលទុក ដាក់នេះ ។ ក្នុងករណីនេះយើងអាចរក្សាទុកបានពី ២ទៅ ៣ថ្ងៃ ។
ការស្តុកទុក
ដើម្បីកាត់បន្ថយ ការខូចខាត និងរក្សាទុកឲ្យបានយូរនោះ យើងគួរគប្បីជញ្ជូនវាដាក់ក្នុងម្លប់ សំដិលវាឲ្យត្រជាក់សិនទើបធ្វើការសំអាតជាក្រោយ តែមិនត្រូវកាត់ឫសវាចេញទេ ។
វិធីងាយៗក្នុងការទុកពូជស្លឹកខ្ទឹម យកទៅដាំបានដោយខ្លួនឯង
- ការទុកពូជស្លឹកខ្ទឹម ជាធម្មតាស្លឹកខ្ទឹមអាយុ ១ ខែ ៥ ថ្ងៃ អាចដកយកទៅលក់បាន ប៉ុន្តែបើចង់រក្សាស្លឹកខ្ទឹមទុកធ្វើពូជ ត្រូវរក្សាទុកលើថ្នាល ១ខែកន្លះ ទៅ ២ខែ ចំពោះរដូវវស្សា ទើបដកទុក។ នៅរដូវប្រាំង ទុករហូតដល់ ២ខែកន្លះ ទៅ ៣ខែ ព្រោះនៅរដូវប្រាំងមើមខ្ទឹមមិនសូវល្អ ទុកយូរបន្តិចទើបមើមធំ ហើយចាស់ល្អ។
- បន្ទាប់ពីដកហើយកាត់ស្លឹកចេញខ្លះ ដើម្បីអោយហាលឆាប់ស្ងួត រួចយកទៅហាលថ្ងៃក្នុងរយ:ពេលពី ១ ទៅ ២ថ្ងៃ បន្ទាប់មកចងសំដឹលទុកក្នុងផ្ទះ ឬទុកដាក់សំដិលនៅលើធ្នើររហូតដល់ពេលដាំ។ គេយកពូជដែលផលិតបានខ្លួនឯងទុកដាំ ឬទិញ ហើយពូជខ្ទឹមនោះគេចែកចេញជាពីរប្រភេទ:
រូបតំណាង
ពូជសើម: ជាពូជដែលរក្សាទុកក្នុងរយ:ពេល ១ខែកន្លះ ពូជនេះដុះលូតលាស់មិនល្អ ហើយក្រដុះណាស់ គឺរហូតដល់ ១០ថ្ងៃ ទើបដុះ។
ពូជស្ងួត: ជាពូជដែលទុកក្នុងរយ:ពេលពី ២ ទៅ ៣ខែ បន្ទាប់ពីដក។ ពូជដែលទុកត្រឹមរយ:ពេលពី ២ ទៅ ៣ខែ នេះឆាប់ដុះ (រយ:ពេល ៣ថ្ងៃ ដុះពន្លក)។
ឯកសារយោង:
១. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ២០០៥. បច្ចេកទេសដាំដំណាំខ្ទឹមស. នាយកដ្ឋានផ្សព្វផ្សាយនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ. ភ្នំពេញ, កម្ពុជា. ទំព័រ ១ – ២.
២. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ២០១៧. វិធីសាស្ត្រគ្រប់គ្រងស្លឹកខ្ទឹម ក្រោយពេលប្រមូលផល. ព័ត៌ មានទេសចរណ៍-ផលិតផលខ្មែរទៅតំបន់អាស៊ាន និងពិភពលោក. ភ្នំពេញ, កម្ពុជា. ទំព័រ ៤ – ៧.
៣. អ៊ាង សុផល្លែត, ២០២០. បច្ចេកទេសដាំខ្ទឹមស្លឹក. ដែនដីនៃការចែករំលែក. ភ្នំពេញ, កម្ពុជា. ទំព័រ ២ – ៣.
៤. អ៊ាង សុផល្លែត, ២០១៨. វិធីងាយៗក្នុងការទុកពូជស្លឹកខ្ទឹម យកទៅដាំបានដោយខ្លួនឯង. ឌិ អាយខនមេឌៀ. ភ្នំពេញ, កម្ពុជា. ទំព័រ ១ – ៦.