ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ធ្វើម៉េចបានដាំផ្លែស្ត្របឺរីឱ្យមានរសជាតិផ្អែម?

រសជាតិរបស់ផ្លែស្ត្របឺរីទាំងអស់មិនប្រាកដថាដូចគ្នាទាំងអស់ទេ ផ្លែខ្លះមានរសជាតិផ្អែម ផ្លែខ្លះមានរសជាតិជូរ និងផ្លែខ្លះមានរសជាតិជូរផ្អែម។ ប៉ុន្តែទាំងអស់គ្នាមានដឹងអត់ថាយើងអាចដាំផ្លែស្ត្របឺរីឱ្យមានរសជាតិផ្អែមបានដោយផ្អែកទៅលើកត្តាមួយចំនួននេះបាន?

ជ្រើសរើសពូជរបស់ស្ត្របឺរី

ពូជផ្សេងៗគ្នាគឺមានរសជាតិខុសៗគ្នា ជ្រើសរើសផ្លែស្ត្របឺរីដែលត្រឹមត្រូវសម្រាប់អាកាសធាតុរបស់អ្នក វាគឺជាជំហានដំបូងក្នុងការធ្វើឱ្យដំណាំល្អ និងមានរសជាតិស្របទៅនឹងអ្វីដែលអ្នកទាំងអស់គ្នាបានកំណត់។ 

តើគួរដាំដីប្រភេទណាដើម្បីឱ្យផ្លែស្ត្របឺរីមានរសជាតិផ្អែម?

អ្នកគួរតែដាំផ្លែស្ត្របឺរីក្នុងដីដែលមានអាសុីតតិចតួច វាគួរតែមានកម្រិត pH ពី 5.5 ទៅ 6.8 ។ លើសពីនេះទៅទៀតការលាយជីកំប៉ុសចាស់ ឬសារធាតុសរីរាង្គដ៏សម្បូរបែបផ្សេងទៀតនឹងជួយរក្សាជាតិអាស៊ីតក្នុងកម្រិតមួយដែលអ្នកត្រូវការ។ រឿងដែលសំខាន់លើសពីនេះទៀតគឺយើងត្រូវបន្តផ្តល់ជីវជាតិដល់ដើមរបស់យើងក្នុងកំឡុងពេលវាលូតលាស់មិនថាខែត្រជាក់ឬខែក្តៅ។

សារៈសំខាន់របស់កម្តៅថ្ងៃ

តើអ្នកដឹងទេថាដើមស្ត្របឺរីរបស់អ្នកត្រូវការពន្លឺព្រះអាទិត្យយ៉ាងហោចណាស់ប្រាំបីម៉ោងជារៀងរាល់ថ្ងៃ? ជាការពិតណាស់ វាប្រហែលជាមិនអាចទៅរួចនោះទេ ប្រសិនបើថ្ងៃខ្លះមានភ្លៀងធ្លាក់ ឬមេឃស្រទុំដូច្នេះមិនអាចឱ្យដើមយើងត្រូវពន្លឺថ្ងៃរហូតដល់៨ម៉ោងនោះទេ ប៉ុន្តែការទទួលបានព្រះអាទិត្យច្រើននៅលើរុក្ខជាតិរបស់អ្នកតាមដែលអាចធ្វើបាន នឹងជួយឱ្យដើមផលិតផ្លែស្ត្របឺរីមានរសជាតិផ្អែមជាងមុន។ ព្រះអាទិត្យគឺជាធាតុផ្សំដ៏សំខាន់ក្នុងការឱ្យដំណាំស្ត្របឺរីផ្អែម មិនថាពន្លឺព្រះអាទិត្យនោះពិត ឬសិប្បនិម្មិតនោះទេ។

តើពេលណាទើបយើងគួរប្រមូលផល?

ផ្លែ​ស្ត្របឺរី​ត្រៀម​ប្រមូល​ផល​នៅ​ចន្លោះ​ពី ៤ ទៅ ៦ សប្តាហ៍​បន្ទាប់​ពី​ចេញ​ផ្កា។ អ្នកគួរតែរើសតែផ្លែស្ត្របឺរីថ្មីពីដើមរបស់អ្នករៀងរាល់បីថ្ងៃម្តង ហើយប្រមូលផលផ្លែស្ត្របឺរីដែលទុំ ពួកវាគួរតែមានពណ៌ក្រហមទាំងស្រុង។

នៅពេលអ្នកប្រមូលផលផ្លែស្ត្របឺរកុំបេះតែផ្លែរបស់វា ត្រូវកាត់ដើមវាផងដែរដើម្បីកុំឱ្យខូចរុក្ខជាតិ។ ប្រសិនបើ​អ្នក​ចង់​រក្សា​រសជាតិ​ផ្អែមនៅពេលបេះផ្លែ ទាំងអស់គ្នាត្រូវបេះនៅពេលព្រឹកត្រជាក់ ហើយដាក់វាក្លាសេភ្លាមៗបន្ទាប់ពីបេះហើយ។កុំបេះផ្លែស្ត្របឺរីនៅពេលវាមិនទាន់ទុំនិងមិនមានពណ៌ក្រហម ពីព្រោះយើងមិនអាចបន្ទុំផ្លែស្ត្របឺរីបន្ទាប់ពីបេះបានទេ។

ដូច្នេះទាំងនេះគឺសុទ្ធតែជាកត្តាដែលអាចធ្វើឱ្យដំណាំស្ត្របឺរីយើងមានរសជាតិផ្អែមដូចអ្វីដែលយើងត្រូវការ។

ឯកសារយោង: strawberryplant.org

Writer