ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

តើដំណាំម្ទេសជួបប្រទះជម្ងឺនិងសត្វល្អិតចង្រៃអ្វីខ្លះ?

ដំណាំម្ទេសត្រូវបានកសិករនិយមចូលចិត្តដាំដុះគ្រប់រដូវកាល ដោយសារតែម្ទេស មានភាពងាយស្រួល ក្នុងការដាំ មានភាពធន់ទ្រាំនឹងអាកាសធាតុ អាចដាំបានស្ទើរតែគ្រប់ប្រភេទដីដែលមិនជាំទឹកព្រមទាំងងាយស្រួលក្នុងការលក់នៅលើទីផ្សារ។ យ៉ាងណាមិញដំណាំម្ទេសក៏ត្រូវបានជួបប្រទះនូវបញ្ហាមួយចំនួនផងដែរជាពិសេសគឺការដាំម្ទេសនៅរដូវក្តៅអាចមានបញ្ហាប្រឈមច្រើនដូចជា៖ សត្វល្អិត បាក់តេរី វីរុស និងពពួកផ្សិត។ ហើយចំពោះរដូវកាលសមស្របសម្រាប់ដំណាំម្ទេស គឺនៅរដូវរំហើយចាប់ពីខែតុលាដល់វិច្ឆិកា ប្រមូលផលដល់ខែកុម្ភៈ និងដាំនៅរដូវប្រាំងចាប់ពីខែឧសភា ប្រមូលផលខែសីហា។

ប្រភេទជំងឺនិងសត្វល្អិតដែលបំផ្លាញដំណាំម្ទេស

១. ជម្ងឺអង់ត្រាក់ណូស

ជំងឺនេះច្រើនកើតមាននៅពេលចាប់ផ្តើមប្រមូលផ្លែម្ទេស។ វាកើតមាននៅលើផ្លែទុំ ឬផ្លែខ្ចី។ ជំងឺនេះកើតមានដោយសារប្រើគ្រាប់មានជាប់ជំងឺនេះ ឬឆ្លងពីកាកសំណល់ដំណាំដែលមានជំងឺនេះនៅក្នុងចំការ។ ការស្រោចទឹកពីដើម មានភ្លៀង និងមានធ្លាក់សន្សើមរយៈពេលយូរគឺលក្ខខណ្ឌសមស្របសម្រាប់ជំងឺ រីករាលដាលលឿន។

វិធីការពារ

  • ដំណាំគ្រាប់ពូជមានគុណភាព
  • ដាំដំណាំឆ្លាស់
  • ប្រមូលផ្លែស្លឹកយកទៅកប់ចោល
  • បាញ់ថ្នាំផ្សិតរវាង ៧-១០ថ្ងៃម្តង ពីខាងក្រោមស្លឹកនិងខាងលើស្លឹក នៅពេលថ្ងៃល្ងាច។ យើងអាចជ្រើសរើសយកថ្នាំផ្សិត ខាងក្រោមដែលមាននៅលើទីផ្សារបាញ់ឆ្លាស់គ្នា។ ថ្នាំពុលកសិកម្មសម្រាប់កម្ចាត់ជំងឺពពួកផ្សិតមានដូចជា៖

ម៉ង់កូហ្សែប លាយជាមួយមេតាឡាក់ស៊ីល (Mancozeb+metalaxyl) ឬ អាហ្សូហ្ស៊ីនស្រូប៊ីន        (Azoxystrobin) ឬ ក្លរ៉ូថាឡូនីល (Chlorothalonil) ឬកាប់តែន (Captan)

២. ជម្ងឺបាក់តេរីអុច ឬ ជម្ងឺច្រេះ

ជំងឺនេះកើតមាននៅលើស្លឹក ទងស្លឹក ផ្លែ និងដើម។ ជម្ងឺនេះបណ្តាលមកពី ប្រើគ្រាប់ពូជមានមេរោគឆ្លងកាកសំណល់បន្លែ មានជំងឺក្នុងចំការ ស្រោចទឹកពីលើប៉ះស្លឹក ដើម មានសន្សើមនិងភ្លៀង ធ្លាក់ច្រើន និងសីតុណ្ហភាពខ្ពស់។

វិធីការពារ

  • ដាំពូជម្ទេសមានគុណភាពខ្ពស់ គ្មានជាប់ជំងឺនេះ និងជ្រើសរើសយកតែកូនម្ទេសដែលគ្មានជំងឺនេះទៅដាំ
  • ប្រមូលផ្លែ ស្លឹក ដើមមានជម្ងឺទៅកប់
  • បាញ់ថ្នាំផ្សិត រវាង ៧-១០ថ្ងៃពីខាងក្រោមស្លឹក និងខាងលើស្លឹកនៅពេលថ្ងៃល្ងាច។ យើងអាចជ្រើសរើសយកថ្នាំផ្សិតខាងក្រោម ដែលមានលក់នៅតាមទីផ្សារ មកប្រើបាញ់ឆ្លាស់គ្នា។ ថ្នាំពុលកសិកម្មសម្រាប់កំចាត់ជំងឺបង្កពីផ្សិតដើម្បីកាត់បន្ថយជំងឺ មានដូចជា៖
  • ម៉ង់កូហ្សែប លាយជាមួយមេតាឡាក់ស៊ីល (Mancozeb+metalaxyl) ឬបាញ់ថ្នាំផ្សិតកូភើ(Copper)

៣. ជំងឺស្រពោន

ជំងឺនេះចាប់ផ្តើមស្រពោនកើតចេញពីស្លឹកនៅខាងក្រោម (កូនម្ទេសស្រពោនពីស្លឹកនៅផ្នែកខាងលើ) និងជាបន្តដើមម្ទេសចាប់ផ្តើមស្រពោនទាំងអស់។ បាក់តេរីបង្កជំងឺនេះរស់នៅក្នុងដីបានយ៉ាងយូរ។ នៅពេលណាដើមមានសំណើមខ្ពស់ ហើយបរិយាកាសដែលមានសីតុណ្ហភាពខ្ពស់ ជម្ងឺនេះរីករាលដាល់បានយ៉ាងលឿន។

វិធីការពារ

  • ជ្រើសរើសដីបណ្តុះដែលគ្មានជំងឺនេះ ជ្រើសរើសពូជធន់នឹងជំងឺនេះ។
  • ដាំដំណាំឆ្លាស់ (ដាំដំណាំមិនមែនគ្រួសារ/អំបូរជាមួយម្ទេស)។
  • ដាំកូនម្ទេសដែលមានឬសនៅល្អ(ឬសមិនដាច់)
  • ប្រមូលដំណាំដែលមានជំងឺដុតចោល
  • រងដាំដែលកើតជំងឺស្រពោន មិនត្រូវបង្ហូរទឹកចេញទៅរងផ្សេងទៀតទេ ពីព្រោះវាអាចនេះជំងឺទៅរងផ្សេងទៀតបាន។

រុយស

សត្វញីពងនៅផ្នែកក្រោមនៃស្លឹក។ ពងនឹងញាស់បន្ទាប់ពី៧-១០ថ្ងៃ។ សត្វពេញវ័យញីមានអាយុប្រមាណពីរសប្តាហ៍ដែលក្នុងមួយវត្តជីវិតរបស់វាអាចពងបានចំនួនពី៦៦-៣០០ពង។ សត្វពេញវ័យសកម្មក្នុងការបឺតជញ្ជក់យករុក្ខរសនៅពេលព្រឹក និងរួមភេទនៅពេលរសៀល។

វិធីការពារ

  • ប្រើអន្ទាក់ពណ៌លឿងនិងប្រើប្លាស្ទិកគ្រប់ដីដើម្បីកាត់បន្ថយចំនួនពពួក រុយ ស
  • ប្រើថ្នាំពុលកសិកម្ម ដាយណូតីហ្វុយរ៉ាន់ (Dinotefuran) ២ក្រាម/រណ្តៅ។ យើងអាចដាក់មុនឬក្រោយដាំ(យ៉ាងយូរ៧ថ្ងៃបន្ទាប់ពីដាំ) ដើម្បីការពារសត្វល្អិតចង្រៃបំផ្លាញដំណាំដូចជាពពួកសត្វល្អិតជញ្ជក់រុយស និងសត្វល្អិតជញ្ជក់ផ្សេងៗទៀត
  • បាញ់ថ្នាំពុលកសិកម្មដូចជាៈ ថ្នាំអ៊ីមីដាក្លភ្រីដ (Imidacloprid) ថ្នាំ ឌីយ៉ាស៊ីណុង(Diazinon) ថ្នាំអាបាមិចទីន។
ក្រៅពីនេះដំណាំម្ទេសតែងតែឃើញមានវត្តមានសត្វល្អិតមួយចំនួនដូចជា រុយទិចផ្លែ មមៀចខៀវ ចៃស ពីងពាងក្រហម។
Writer