ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

បច្ចេកទេសដាំដុះត្រឡាច

ត្រឡាច ជាបន្លែផ្លែមួយប្រភេទដែលកសិករនិយមដាំក្នុងចំណោមបន្លែផ្លែដ៏ទៃទៀត។ គេអាចដាំត្រឡាច បានពីររបៀប គឺដាំលើរងធម្មតា និងដាក់ឲ្យឡើងទ្រើង។ ដើម្បីដាំត្រឡាចទទួលបានទិន្នផល កសិករគួរយល់ដឹងពីបច្ចេកទេសមួយចំនួន។ថ្ងៃនេះនាងខ្ញុំ សូមលើកយកបច្ចេកទេសដាំដុះដំណាំត្រឡាច ដែលដកស្រង់ចេញពីសៀវភៅបច្ចេកទេសកសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចែកជូនដល់កសិករ ដែលមានបំណងដាំដុះដំណាំត្រឡាច។

បច្ចេកទេសដាំដុះ

ការជ្រើសរើសរដូវកាលដាំដុះ

គេអាចដាំបានគ្រប់រដូវការជ្រើសរើសរដូវដាំដុះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដាំដុះដំណាំគ្រប់ ប្រភេទទាំងអស់មិនថាដំណាំណានោះទេ។  ដោយសារតែការដំាដុះនៅរដូវក្តៅ វាមានបញ្ហាច្រើនដែលប្រឈមមុខ ដូចជា កត្តាសត្វល្អិត បាក់តេរី វីរុស និងពពួក ផ្សិត ការពិតទៅវាមិនមែនមានតែលើដំណាំត្រឡាចនោះទេ គឺមានតែស្ទើរគ្រប់ដំណាំ ហេតុដូចនេះ រដូវកាលសមស្របសម្រាប់ដំណាំត្រឡាចគឺ៖

  • រដូវប្រាំង ៖ ចាប់ពីខែវិច្ឆិកា ដល់ខែមករា និងកុម្ភៈ នៅតំបន់ទំនាប
  • រដូវវស្សា ចាប់ពីខឧសភា ដល់ខែតុលា នៅតំបន់ខ្ពងរាប

ការជ្រើសរើសពូជ

  • ពូជដែលមានប្រភពច្បាស់លាស់ (ពូជនាំចូលពីបទេស ឬ ពូជក្នុងស្រុក)
  • ពូជសុទ្ធដែលមានភាគរយដំណុះចាប់ពី ៨៥-៩០ ភាគរយ
  • ពូជដែលមានអាយុកាលខ្លី តែទទួលបានទិន្នផលខ្ពស់
  • ពូជធន់នឹងជម្ងឺ សត្វល្អិត និងអាកាសធាតុ សមស្របតាមតំបន់ និងតម្រូវការទីផ្សារ។

ការរៀបចំដី

  • ត្រឡាច អាចដាំដុះ ចំពោះដីគ្រប់ប្រភេទ ប៉ុន្តែដីដែលមានជីជាតិតិចធ្វើអោយ ត្រឡាចឆាប់អស់ផ្លែ ព្រោះងាប់ដើម ។
  • ប្រភេទដីដែលដាំល្អ គឺដីល្បាប់ ល្បាយខ្សាច់ ដីក្រហម ឬដីខ្មៅ ចំពោះដីដែលមិនជ្រាបទឹកមិនអាចធ្វើអោយល្ពៅទទួលបានទិន្នផលខ្ពស់ឡើយ។
  • មុនចាប់ផ្ដើមដាំត្រឡាច កសិករត្រូវភ្ជួរដីឲ្យបានហ្មត់ល្អ និងហាលចោលពី ១០-១៥ថ្ងៃ។ បន្ទាប់មក ត្រូវភ្ជួរដីម្ដងទៀតដើម្បីលើករង។
  • ត្រូវលើករងឲ្យបានសមរម្យ ដើម្បីងាយថែទាំ និងបោចស្មៅផងដែរ។ គេអាចដាក់ជីលាមកសត្វ សម្រាប់ទ្រាប់បាតរងក្នុងបរិមាណ ១-២គីឡូក្រាម ក្នុងផ្ទៃដីរង ១ម៉ែត្រការ៉េ។ 

គុណសម្បត្តិនៃការរៀបចំដី

  • បំផ្លាញជម្រកសត្វល្អិត និងសំលាប់សត្វល្អិត
  • ដើម្បីអោយដីធូរមានខ្យល់ចេញចូល
  • បន្ទាប់មកភ្ជួររាស់សារជាថ្មី ដើម្បីបំបែកដីម៉ដ្ឋ
  • ងាយស្រួលក្នុងការលើករង
  • កាត់បន្ថយការកើតជម្ងឺ បាក់តេរី វីរុស ផ្សិត។

របៀបដាំដុះកូនត្រឡាចមាន ២ ប្រភេទ គឺការបណ្ដុះកូនមុនយកទៅដាំ និងការដាំគ្រាប់ផ្ទាល់ក្នុងរងតែម្តង

ការដាំដោយការបណ្តុះកូនជាមុន

របៀបបណ្ដុះកូន

  • ត្រូវយកគ្រាប់ដាក់ក្នុងកំណាត់ស្បៃជក់ទឹក រួចរុំឲ្យហប់ល្អ។ 
  • ត្រូវស្រោចទឹករាល់ថ្ងៃឲ្យកំណាត់សើមជានិច្ច និងត្រូវផ្អាប់គ្រាប់២យប់ ទើបយកទៅបណ្ដុះក្នុងកន្ទោង។ 
  • មិនត្រូវដាក់គ្រាប់ជ្រៅពេក ឬរាក់ពេកទេ ព្រោះអាចធ្វើឲ្យគ្រាប់ដុះមិនបានល្អ ហើយត្រូវស្រោចទឹកជាប្រចាំនៅពេលព្រឹក និងពេលល្ងាច។ 
  • ចៀសវាងកូនត្រឡាចលូតលាស់មិនបានល្អ ត្រូវបន្ថយការស្រោចទឹក និងយកកូនត្រឡាចដាក់ឲ្យត្រូវពន្លឺ ថ្ងៃ ២-៣ថ្ងៃ មុនយកទៅដាំក្នុងរង ដើម្បីឲ្យកូនរឹងមាំ។

ការដាំ

  • នៅពេលកូនត្រឡាចមានអាយុ ៧-១០ថ្ងៃ អាចយកទៅដាំបានហើយ។ 
  • មុនដាំកូនត្រឡាចត្រូវបញ្ចូលទឹកតាមរងឲ្យបាន ៥-៦ដងទើបល្អ ហើយត្រូវដាំកូនត្រឡាចនៅពេលល្ងាច ទើបជាការល្អ ។
  • មិនត្រូវកប់កូនជ្រៅពេកនោះទេ ត្រឹម៨-១០សង់ទីម៉ែត្រជាការល្អ។ 

ការដំាដោយដាក់គ្រាប់ផ្ទាល់ក្នុងរងតែម្តង

  • មុននិងដាំត្រូវយកគ្រាប់ពូជមកសំអាត ដាក់ហាលថ្ងៃដែលក្តៅល្មម ដើម្បីដាស់ដំណេកគ្រាប់ពូជ ហើយដាក់ត្រាំទឹក ១ យប់ 
  • បន្ទាប់មកក៏យកគ្រាប់ត្រឡាចទៅដាំក្នុងរណ្តៅដែលបានកាប់ទុកជាមុន ចំនួន ២-៣ គ្រាប់ ក្នុងមួយរណ្តៅ ជម្រៅ ២- ៣ ស.ម។

ការថែទាំ

ការជ្រួយដី

វាមានប្រយោជន៍ធ្វើអោយដីធូរ កាត់បន្ថយការដុះស្មៅ បង្កអោយដីមានសំណើមគ្រប់គ្រាន់ងាយស្រួលដល់ការដុះលូតលាស់ ព្រមទាំងបំបាត់ជំរកសត្វល្អិតផ្សេងៗ គេអាចជ្រួយដោយចបពូនគល់អោយជិត ពូនរងឡើយវិញនៅពេលក្រោយដាំបាន ១៥ ថ្ងៃ។ ពេលនោះ គេអាចដករំលួសកូនចេញ ដោយទុកតែ ២ ដើម ក្នុងមួយគុម្ព។

ការប្រើប្រាស់ជី

ដើម្បីអោយដំណាំដុះលូតលាស់បានលឿនយើងត្រូវតែមានការប្រើប្រាស់ជី គេចែកការដាក់ជីជា ៣ លើក ក្នុងមួយវដ្តជីវិតដំណាំត្រឡាច៖

លើកទី ១

យកជីកំប៉ុស្តគោក ១៥- ២០ តោន ក្នុងមួយហិកតា មកដាក់តាមរណ្តៅនីមួយៗ ដើម្បីទ្រាប់បាតចំនួន ០.៥-១ គីឡីក្រាម ឬក៏ច្រើនជាងនេះក៏បាន ក្នុងមួយគុម្ព ប៉ុន្តែត្រូវកាប់ច្របល់ជាមួយដីទើបដាក់គ្រាប់ដាំតាមក្រោយ។

លើកទី ២

ក្រោយដាំបាន ៥-១០ ថ្ងៃដាក់ជីកំប៉ុស្តគោកជុំវិញគល់ ចំងាយ ៣០ ស.ម ហើយលុបដីអោយជិត ពីលើ ដើម្បីអោយត្រឡាចលូតលាស់បានល្អ ផ្លែបានច្រើន ក្នុងរយៈពេលលូតលាស់ពេញទំហឹង

លើកទី ៣

យកជីកំប៉ុស្ត ១៨ តោនក្នុងមួយហិចតា ដាក់ក្បែរគល់ចំងាយ ៣០ ស.ម ហើយលុបដីអោយជិត ពីលើ ដើម្បីអោយត្រឡាច លូតលាស់បានល្អ ផ្លែបានច្រើន ក្នុងរយៈពេល ៤០ ថ្ងៃ ក្រោយដាំ ។ 

ការស្រោចស្រព

ត្រឡាច ជាប្រភេទដំណាំមួយ ដែលធន់ទ្រាំនឹងការខ្វះទឹក ឬភាពរាំងស្ងួត ប៉ុន្តែពេលចេញផ្កា សំណើមដីមិនគ្រប់គ្រាន់ធ្វើអោយផ្លែថយចុះយ៉ាងច្រើន 

  • ការចេញផ្កា និងផ្លែ ដំណាក់កាលនេះ ត្រូវផ្តល់ទឹកអោយបានគ្រប់គ្រាន់ ដើម្បីអោយការបន្តពូជបានល្អ សំណើមដីពី៧០-៨០ ភាគរយ ត្រូវរក្សាសំណើមដី អោយបានសេ្ថរភាព 
  • ផ្លែចាស់ និងទុំ ការផ្តល់ទឹកត្រូវថយចុះមកវិញម្តងបន្តិចៗហើយផ្អាកការ ស្រោចទឹកទាំងស្រុងពេលត្រឡាចចាប់ផ្តើមប្រមូលផល។

អត្ថប្រយោជន៍ផ្លែត្រឡាច

វាអាចជួយព្យាបាលជំងឺបានជាច្រើនមុខដូចជា៖

  • ជួយព្យាបាលរបួសដែលហើម ក្តៅទ្រូង កើតបូសញឹកញាប់ក្អកកើតពិស បញ្ចុះព្រូន ពិបាកនោម ស្រែកទឹក
  • ជួយព្យាបាលរលាកប្លោកនោម ព្យាបាលកើតពិសនៅចុងម្រាម ព្យាបាលអុតស្វាយ
  •  ជួយអោយឃ្លានអាហារ ការំលាយអាហារ និងឡើងទំងន់ 
  • ជួយលាងសំអាតជាតិពុល លាងសំអាតថង់ទឹកម៉ូត 
  • ជួយសំរាលអាការៈផ្តាសាយ ក្អក 
  • ជួយសំរាលអាការៈអស់កំលាំង ពង្រឹងប្រព័ន្ធការពាររាង្គកាយ។

ប្រភព ៖

១. សៀវភៅ បច្ចេកទេសដាំដុះដំណាំត្រឡាច របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

២.https://farmerdna.com/

Writer