ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

បច្ចេកទេសតត្រួយស្វាយចន្ទី

ការតមែកគឺជាបច្ចេកទេសសាកវប្បកម្មដែលប្រើដើម្បីភ្ជាប់ផ្នែកពីរុក្ខជាតិពីរឬច្រើនដើម្បីអោយវាលូតលាស់ជារុក្ខជាតិតែមួយ។នៅក្នុងការផ្សាំផ្នែកខាងលើ(scion) នៃរុក្ខជាតិមួយដុះនៅលើប្រព័ន្ធឬស(ឬសគុល)នៃរុក្ខជាតិមួយទៀត ។ ដំណាំចន្ទីអាចពង្រីងពូជបានច្រើនរបៀបដូចជា បំបៅមែក(សាកមែក) តមែកលើដើមចាស់ និងការតត្រួយនៅលើកូនដែលយើងបណ្ដុះនៅក្នុងថង់ប្លាស្ទិច(អាយុ៤៥-៦០ថ្ងៃ)។បច្ចេកទេសក្នុងការតត្រួយចន្ទីគឺជាជំនាញដែលសំខាន់និងផ្ដល់ប្រយោជន៍ច្រើន ដូចជា បើយើងចេះបច្ចេកទេសនេះច្បាស់យើងអាចកាត់បន្ថយការចំណាយលើការទិញកូន អាចជ្រើសរើសពូជដែលមានតម្រូវការផ្សារចង់បាន និងអាចយកជំនាញនេះធ្វើជាអាជីវកម្មផងដែរ។

ការបណ្ដុះកូនស្វាយចន្ទី

  • គ្រាប់យកមកបណ្ដុះ ត្រូវយកគ្រាប់ដែលប្រមូលផលនៅរដូវថ្មីៗ (ខែកុម្ភៈ-មេសា)
  • យកគ្រាប់ត្រាំទឹកត្រជាក់ធម្មតា ២៤-៤៨ ម៉ោង រើសយកតែគ្រាប់ដែលលិចក្នុងទឹកមកបណ្ដុះ
  • ស្រង់ផ្អាប់ទុកក្នុងបាវក្រចៅ (ក្រណាត់សើម) ៤៨ម៉ោង ស្រោចទឹករាស់ថ្ងៃរហូតដល់ដុះពន្លក
  • លាយល្បាយដីក្នុងអត្រា ១.១.១ នៃដីធម្មតា ផេះអង្កាម ជីកំប៉ុស្ដ និងថ្មកំបោរ៥ក្រាម
  • យកថង់ខ្មៅមានទំហំ ១៥x៣០ស.ម ច្រកល្បាយដី
  • យកគ្រាប់ដុះពន្លក ទៅកប់ក្នុងដីច្រកថង់រួច ជម្រៅ២.៥ស.ម
  • ស្រោចទឹកជាប្រចាំ គ្រាប់ស្វាយចន្ទីនឹងដុះឡើងក្នុង រយៈពេល១៥-២០ថ្ងៃ
  • កូនស្វាយចន្ទីយកទៅតត្រួយបាននៅអាយុ៤៥-៦០ថ្ងៃ

ការជ្រើសរើសកូនទម្រសម្រាប់តត្រួយ

  • យកដើមដែលធំថ្លោសល្អ មានអាយុពី ៤៥-៦០ថ្ងៃ
  • គ្មានការបំផ្លាញពីសត្វល្អិតនិងជម្ងឺ

ការជ្រើសរើសមែកពូជសម្រាប់ត

  • ត្រួយមានអាយុយ៉ាងតិច២ខែ
  • ជាត្រួយ ក្រពុំគ្មានផ្កា មានពណ៍បៃតងចាស់
  • ជាត្រួយគ្មានជម្ងឺ និងសត្វល្អិតបំផ្លាញ
  • កាត់ស្លឹកត្រួយនោះចោលអោយអស់រយៈពេល១-២សប្ដាហ៍មុនកាត់យកមក

សម្ភារៈ

  • ស្កុតរុំ
  • កន្ត្រៃ
  • កាំបិតមុត

ការអនុវត្តតត្រួយ

  • កាត់ចុងកូនទម្រចោលទុកកម្ពស់ដី ១៥ស.ម ទុកស្លឹកឆ័ត្រខាងក្រោមពីរគូរ
  • ពុះគល់ទម្រកណ្ដាលដើមជម្រៅ ៣-៥ស.ម
  • យកត្រួយដែលកាត់បានប្រវែង១០ស.ម មកចិតជារាងអក្សរ V ប្រវែង ៣-៥ស.ម
  • ត្រួយដែលចិតរួចស៊កបញ្ជូលក្នុងគល់ទម្រដែលពុះរួច
  • លៃយ៉ាងណាអោយស្រទាប់រំអិលរវាងគល់ទម្រនិងត្រួយពូជមានភាពស៊ីគ្នា
  • យកថង់ប្លាស្ទិច រំចងកន្លែងមុខតអោយតឹង ការពារការជ្រាបទឹកចូល និងរុំដល់ផុតចុងត្រួយការពារការបំភាយទឹក
  • កូនដែលតរួចដាក់នៅកន្លែងម្លប់១៥ថ្ងៃ
  • ត្រួយដុះទំលុះថង់ចេញ មានពន្លកដុះចេញពីកូនគុលទម្រត្រូវកាត់ចេញ
  • ថង់ប្លាស្ទិចដែលរុំ ត្រូវកាត់ចេញពេលតរួច បាន៣-៤ខែ និងយកទៅដាំបាននៅពេលបន្ទាប់។

ឯកសារយោង