ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

បច្ចេកទេសពិនិត្យមេរោគផ្សិតក្នុងដី និងការកំចាត់

ផ្សិតគឺជាមេរោគមួយក្នុងចំណោមភ្នាក់ងារបង្កជំងឺយ៉ាងសំខាន់របស់រុក្ខជាតិ។ ម្យ៉ាងទៀតផ្សិតមានច្រើនប្រភេទរួមមានផ្សិតក្នុងដី ក្នុងបរិយាកាសជាដើម។ មេរោគផ្សិតតែងតែបង្កផលវិបាកទៅដល់ដំណាំជាច្រើនប្រភេទដូចជា មើម ស្លឹក ដើម និងផ្លែ។ ហើយរុក្ខជាតិកើតជំងឺផ្សិតនៅពេលដែលលក្ខខណ្ឌអាកាសធាតុមានសំណើមខ្ពស់ និងសីតុណ្ហភាពត្រជាក់។ ការតេស្តឬស្ទូចផ្សិតមានគោលបំណងដើម្បីដឹងថានៅក្នុងដីដាំដំណាំរបស់យើងមានជំងឺផ្សិតឬទេ ជាហេតុធ្វើឲ្យយើងការពារវាទាន់ពេលវេលា។

ពេលវេលាក្នុងការស្ទូចឬតេស្តមើលផ្សិតក្នុងដី

  • ក្រោយពេលដីលិចទឹកដោយសារប្រព័ន្ធស្រោចស្រពលើសកម្រិតឬទឹកភ្លៀងឬទឹកជំនន់
  • មុនពេលដីលិចទឹក
  • នៅពេលដែលដីផ្ទុកនៅសំណើមខ្ពស់
  • ក្រោយមេឃភ្លៀងហើយមានសីតុណ្ហភាពទាប និងគ្មានពន្លឺគ្រប់គ្រាន់រយៈពេលយូរ

សម្ភារៈសម្រាប់ស្ទូចផ្សិតក្នុងដី

  • ដបឬកែវចំនួន ១(កែវទឹកអំពៅ, កែវកាហ្វេ…)
  • សំណាកដី ៣០០ក្រាម(ឬដីត្រូវដាក់កន្លះកែវជានិច្ច)
  • ទឹកស្អាត(ចាក់លើសំណាកដីឲ្យមានសំណើមតែមិនអាចឲ្យលើសកម្ពស់ដីឡើយ)
  • ត្រសក់ ឬប្រភេទមើម ឬកូនរុក្ខជាតិរស់(ប៉ុន្តែវាក៏អាស្រ័យទៅតាមប្រភេទជំងឺដែរ។

ឧទាហរណ៍៖ ការស្ទូចរកផ្សិតនៅក្នុងជំងឺDamping-offនៃដំណាំត្រសក់ ដូច្នេះគេត្រូវយកត្រសក់ដើម្បីយកទៅស្ទូច។

វិធីសាស្ត្រស្ទូចផ្សិត

  • យកដីដែលបានជីកមកដាក់ក្នុងកែវបរិមាណកន្លះកែវ(សម្រាប់ការយកសំណាកដីក៏អាស្រ័យទៅលើទំហំដីដែរប្រសិនបើយកដីក្នុងទំហំមួយហិកតាគេអាចជីកយកដីជារាងអក្សរXដោយជីកយក៥ទីតាំងខុសៗគ្នាហើយមួយទីតាំងស្មើនឹងមួយសំណាកឬមួយកែវ)។
  • ចាក់ទឹកស្អាតចូលដីឲ្យមានសំណើម។
  • រួចយកត្រសក់ឬនុយស្ទូចជំងឺផ្សិតតាមប្រភេទផ្សិតទៅដោតនៅក្នុងដីនៅពាក់កណ្ដាលនៃដី ប៉ុន្តែសម្រាប់ការយករុក្ខជាតិរស់ដើម្បីស្ទូចផ្សិតគេអាចបណ្ដុះកូនរុក្ខជាតិក្នុងដីនោះឬយកមកដាំនៅក្នុងដីសំណាកក៏បាន។
  • យកថង់ចងមាត់កែវឲ្យជិតតែបើរុក្ខជាតិរស់ត្រូវចងត្រឹមមាត់កែវហើយមិនត្រូវចងឲ្យផុតស្លឹកឡើយ។
  • ចុងក្រោយគេត្រូវតាមដានរយៈពេល៧ថ្ងៃ ដោយរ៉ាប់ចាប់ពីថ្ងៃទី២ទៅ ក្រោយពីដឹងថាមានមេរោគផ្សិតនៅក្នុងដីគេត្រូវការពារវាឲ្យទាន់ពេលវេលា។

ប្រភេទមេរោគផ្សិតនៅក្នុងដី

១. Phytophthora ៖ ភាគច្រើនកើតលើដំណាំជាតិឈើ ឈើហូបផ្លែ សណ្ដែក និងមើមជាដើម។ល។ គេអាចយករុក្ខជាតិរស់ និងប្រភេទមើម(ដំឡូងបារាំង…)ដើម្បីស្ទូចរកផ្សិតនេះ។ ផ្សិតនេះគេអាចប្រើថ្នាំគីមីដើម្បីកំចាត់រួមមាន

Subdue (metalaxyl), Terrazole and Truban…

២. Rhizoctonia៖ ជាផ្សិតក្នុងដីដែលបំផ្លាញដល់ដំណាំប្រភេទស្មៅ, ដំឡូង, សណ្ដែក, កម្បាស់, រុក្ខជាតិលម្អ និងបន្លែ។ ការបំផ្លាញរបស់វាចាប់ផ្ដើមពីឫសមុនគេដោយធ្វើឲ្យរលួយឫស និងប្រេះដើម។ គេអាចយកប្រភេទរុក្ខជាតិរស់ដើម្បីធ្វើការស្ទូចរកផ្សិតនៅក្នុងដី។ថ្នាំគីមីដែលអាចកំចាត់ជំងឺផ្សិតនេះបានរួមមាន Azoxystrobin, Fludioxonil, Thiophanate-methyl, Chlorothalonil ។

៣. Sclerotinia៖ ផ្សិតក្នុងដីនេះបំផ្លាញលើដំណាំ សណ្ដែក, ឈូករ័ត្ន, សាឡាត់។ ពួកវាបំផ្លាញទៅលើដើម និងគ្រាប់។ គេអាចយករុក្ខជាតិរស់ដើម្បីទៅស្ទូចរកផ្សិត។ ថ្នាំគីមីដែលមានធាតុសកម្មសម្រាប់ប្រើលើផ្សិតនេះរួមមាន Fludioxonil and cyprodinil, Procymidone and fluazinam, Iprodione, Thiophanate-methyl (TM)

៤. Fusarium Oxysporum៖ បំផ្លាញលើដំណាំ ប៉េងប៉ោះ, ស្ត្របឺរី, ចេក, ម្ទេស, ត្រាប់ និងដំណាំមួយចំនួនទៀត។ គេអាចយកដំណាំទាំងអស់នេះដើម្បីទៅស្ទូចរកជំងឺផ្សិតផងដែរ។ ប្រភេទធាតុសកម្មថ្នាំគីមីសម្រាប់កំចាត់ផ្សិតនេះរួមមាន Prothioconazole។

៥. Pythium ៖ វាបំផ្លាញទៅលើឫស ដើម រុក្ខជាតិ បំផ្លាញនៅដំណាក់កាលបណ្ដុះ ហើយមានដំណាំដូចជា ត្រសក់ ប៉េងប៉ោះ ម្ទេស ។ល។ គេអាចយកកូនរុក្ខជាតិទាំងនេះដើម្បីទៅស្ទូចរកមេរោគផ្សិតផងដែរ។ ថ្នាំគីមីដែលអាចប្រើលើផ្សិតនេះរួមមាន Etridiazole, Fenamidone, Cyazofamid…។

៦. Verticillium៖ ផ្សិតនេះបំផ្លាញទៅលើ ឈើហូបផ្លែ, បន្លែយកផ្លែ, និងសណ្ដែក។ គេអាចយករុក្ខជាតិរស់ ឬផ្លែដើម្បីស្ទូចរកផ្សិតបាន។

៧. Damping-off៖ ជាជំងឺផ្សិតក្នុងដីដែលបំផ្លាញទៅលើឫសរុក្ខជាតិនៅដំណាក់កាលបណ្ដុះកូន។ គេអាចប្រើប្រាស់ត្រសក់ដើម្បីស្ទូចរកផ្សិត។

#ចំណាំ៖ ការស្ទូចរកផ្សិតក៏អាស្រ័យលើប្រភេទដំណាំដែលយើងដាំដុះតើវាតែងតែកើតនូវជំងឺផ្សិតនៅដំណាក់កាលណា។ រីឯថ្នាំគីមីកំចាត់ផ្សិតត្រូវជ្រើសរើសថ្នាំណាដែលមានការចុះបញ្ជីរការពីក្រសួងឬពិភាក្សាជាមួយអ្នកបច្ចេកទេសកសិកម្មជាមុនសិន។

ឯកសារយោង

Writer