ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

បច្ចេកទេសដាំដុះការ៉ុត

ការ៉ុតគឺជារុក្ខជាតិមើមម្យ៉ាងដែលមានដើមកំណើតមកពីអឺរ៉ុប និងអាសុីភាគនិរតី។ ការ៉ុតមានពណ៌ដើមរបស់វាជាពណ៌ទឹកក្រូច បន្ទាប់មកត្រូវបានគេបង្កើតទៅជាពណ៌ផ្សេងៗដូចជា ពណ៌ស្វាយ ខ្មៅ ក្រហម ស និងលឿងជាដើម។ ការ៉ុតជាប្រភេទបន្លែដែលគេអាចឆ្នៃយកទៅធ្វើជាភេជ្ជៈ ម្ហូប និងគ្រឿងទេសផ្សេងៗ ហើយគេនិយមបរិភោគមើលរបស់វាជាងដើម និងស្លឹក។ ចំពោះតម្លៃទីផ្សារនៅក្នុងស្រុកការ៉ុតក៏មានតម្លៃខ្ពស់សមនឹងតម្លៃនៃការដាំដុះដែរ ប្រសិនបើយើងដាំដុះប្រកបទៅដោយស្ដង់ដា។ ខាងក្រោមនេះគឺជាបច្ចេកទេសមួយចំនួនក្នុងការដាំដុះការ៉ុតឲ្យទទួលបានលទ្ធិផលផងដែរ៖

កត្តាក្សេត្របរិស្ថាន

  • សីតុណ្ហភាព៖ ការ៉ុតអាចដុះពន្លកបាននៅសីតុណ្ហភាព ២០-២៥oC ដោយប្រើរយៈពេល ៥-៦ថ្ងៃ ហើយវាដាក់មើមបានល្អនៅពេលដែលមានសីតុណ្ហភាពទាប ប្រសិនបើសីតុណ្ហភាពខ្ពស់ពេកមើមរបស់វានឹងខ្សោយ ហើយវីតាមីនAនៅក្នុងការ៉ុតមានការថយចុះបន្ទិចម្ដងៗដែរ។
  • សំណើម៖ វាត្រូវការសំណើមចន្លោះ ៦០-៧០% ព្រោះនៅពេលដែលសំណើមតិចពេកការ៉ុតមិនរីកមើម និងបែកមែកច្រើន រីឯសំណើមខ្ពស់ពេកមើមឆាប់មានជំងឺ និងប្រេះ។
  • ពន្លឺ៖ វាជាដំណាំដែលត្រូវការពន្លឺខ្លាំងលើសពី ១០ម៉ោងក្នុងមួយថ្ងៃ។
  • ដី៖ វាត្រូវការដីដែលមានបង្ហូរទឹកល្អ រលុង និងសម្បូរទៅដោយមមោក(Humus) ដែលមានស្រទាប់ដីសម្រាប់ដាំដុះជម្រៅ ៣០cm។
  • រដូវដាំដុះ៖ ការ៉ុតផ្តល់ទិន្នផលខ្ពស់នៅរដូវប្រាំងព្រោះសម្បូរទៅដោយពន្លឺថ្ងៃច្រើនជាងរដូវវស្សាហើយ គេអាចគ្រប់គ្រងសំណើមដីបានល្អជាងរដូវភ្លៀងផងដែរ។

ការរៀបចំដី និងដាំដុះ

ការរៀបចំដី៖ ជាដំបូងត្រូវសម្អាតដីជាមុនសិន បន្ទាប់មកភ្ជួរដីឬលើករងក្នុងជម្រៅ ២៥-៣០cm ហើយមានកម្ពស់ ១០cmនៅរដូវប្រាំង និង ១៥cmនៅរដូវវស្សា។ នៅពេលរៀបចំដីគេត្រូវបាចជីសរីរាង្គ(លាមកសត្វឬជីកំប៉ុស្តិ៍) និងក្នុងករណីដីជាប្រភេទដីអាសុីតតិចគេត្រូវបាចកំបោរហាលដីចោលក្នុងរយៈពេល ៥-៧ថ្ងៃ។

វិធីសាស្ត្រដាំដុះ៖ រើសពូជដែលយើងចង់ដាំដោយមានដំណុះគ្រាប់យ៉ាងតិច ៩០% បន្ទាប់មកត្រាំគ្រាប់ពូជក្នុងទឹកក្ដៅឧណ្ហៗ(ទឹកក្ដៅ ៦០% ទឹកត្រជាក់ ៤០%) ដោយត្រាំក្នុងរយៈពេល ២៤ម៉ោង(ប្រសិនបើវាជាគ្រាប់ដែលត្រូវបានរក្សាទុកយូរឆ្នាំក្នុងសីតុណ្ហភាពត្រជាក់)។ ក្រោយមកគេត្រូវសាបគ្រាប់ការ៉ុតនៅលើរងឬស្រែដែលរៀបចំរួចក្នុងបរិមាណ ១២-១៥គីឡូក្រាម/ហិកតា។ បន្ទាប់ពីសាបរួចគេត្រូវយកចំបើងឬស្បៃនីឡុង(ទំហំ ១x១មីលីម៉ែត្រ) គ្របពីលើ ហើយស្រោចទឹកវាជារៀងរាល់ថ្ងៃ។

បច្ចេកទេសថែទាំ

ការស្រោចទឹក៖ ចំពោះការ៉ុតដែលដាំដុះនៅរដូវវស្សាគេមិនចាំបាច់ស្រោចទឹកញឹកញាប់ទេ ប៉ុន្តែសម្រាប់រដូវប្រាំងត្រូវស្រោចទឹក មួយថ្ងៃ២ដងដើម្បីធានាបាននូវដីមានសំណើមគ្រប់គ្រាន់។ រីឯប្រភពទឹកគេអាចប្រើប្រាស់ប្រភេទទឹកហូរ និងទឹកអណ្ដូង ហើយជៀសវាងទឹកនៅទ្រឹងដូចជាទឹកស្រះ ជាពិសេសស្រះដែលមានទឹកយូរវាអាចបង្កឲ្យពុលដល់ដំណាំផងដែរ។

ការសម្អាតស្មៅ៖ ការ៉ុតត្រូវការពន្លឺផ្ទាល់ ដូច្នេះគេត្រូវតែសម្អាតស្មៅជាប្រចាំ និងដកកូនការ៉ុតណាដែលដុះមិនស្មើឬដុះញឹកពេកជាដើម។

ការដាក់ជី៖ ប្រើលាមកសត្វ និងជីកំប៉ុស្តិ៍ទៅតាមលទ្ធិភាពដែលយើងមាន(ប៉ុន្តែសម្រាប់បរិមាណស្ដង់ដា ៣២តោន/ហិកតា ដូច្នេះហើយវាមានបរិមាណច្រើនពេកដែលជាហេតុធ្វើឲ្យយើងត្រូវចំណាយច្រើន) បូកផ្សំជាមួយនឹងការប្រើជីគីមីNPK

-លើកទី១: គេត្រូវប្រើNPK(៥០-៣០០-០)kg/ha

-លើកទី២: NPK(៨០-០-១០០)kg/ha

-លើកទី៣: NPK(១២០-០-១៥០)kg/ha

កត្តាចង្រៃ

Agrotis ypsilon៖ ជាដង្កូវដែលកើតឡើងដោយសារការពងនៃមេអំបៅញី ដែលពងលើដី ហើយញាស់ទៅជាដង្កូវ និងរស់នៅក្រោមដី បន្ទាប់មកវាសុីឫសរបស់រុក្ខជាតិ។ ការការពារ:គេអាចប្រើប្រភេទCypermethrin ឬ Abamectin(បញ្ជាក់ត្រូវពិនិត្យមើលធាតុសកម្មឲ្យបានច្បាស់តើវាមានការចុះបញ្ជីថ្នាំពីក្រសួងហើយឬនៅ)។

Spodoptera exigua៖ វាបំផ្លាញទៅលើស្លឹក ដោយសុីស្លឹករហូតដល់រលួយស្លឹក។ ការការពារ:សម្អាតស្មៅ ដីដាំឲ្យស្អាត និងសម្អាតបរិវេនចំការឲ្យបានល្អ។

Aphids(អាពីត)៖ វាបំផ្លាញទៅលើស្លឹកដោយបើតជញ្ជួកឱជារសនៅក្នុងស្លឹកដែលជាហេតុធ្វើឲ្យស្លឹកប្រែទៅជាលឿង ឬ ស្លេក រួញ និងក្រៀមស្លឹក។ ការការពារ៖ ប្រើថ្នាំដែលមានធាតុសកម្ម Thiamethoxam ឬ Imidacloprid។

ការប្រមូលផល

គេអាចប្រមូលផលអាយុចន្លោះ ៨២-១១០ថ្ងៃនៅពេលដែលស្លឹកប្រែទៅជាបៃតងចាស់ ហើយឈប់លូតលាស់។ បន្ទាប់មកគេត្រូវលាងសម្អាតការ៉ុតជាមួយទឹកស្អាត និងត្រាំនៅក្នុងកាល់ស្យូម hypochlorite 1% ឬទឹកកំបោរចម្រោះ 2% ក្នុងរយៈពេល ១នាទីដើម្បីរក្សាគុណភាពរបស់ការ៉ុត។

ឯកសារយោង

Writer