ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

កត្តាដែលធ្វើឲ្យផ្លែឈើ ឬបន្លែផ្អែមក្រោយពេលប្រមូលផល

ជាទូទៅបន្លែ ឬ ផ្លែឈើទាំងអស់តែងមានរសជាតិផ្អែម សាប ជូរឬជូរអែម។ ប៉ុន្តែនៅក្នុងអត្ថបទនេះគឺជាការលើកបង្ហាញនូវបច្ចេកទេសមួយចំនួនដែលទាក់ទងទៅនឹងពេលវេលានៃការប្រមូលផលដើម្បីឲ្យផ្លែឈើឬបន្លែទទួលបានរសជាតិផ្អែមតាមបែបធម្មជាតិរបស់វា។ ម្យ៉ាងទៀតកត្តាដែលធ្វើឲ្យទិន្នផលផ្អែមឆ្ងាញ់មានដួចជា៖ កត្តាអាកាសធាតុ កត្តាសំណើម កត្តាពេលវេលា កត្តាជី និងកត្តាផ្សេងៗទៀត។

កត្តាអាកាសធាតុ

អាកាសធាតុគឺជារឿងដ៏សំខាន់មួយដែលអាចធ្វើឲ្យបន្លែ ឬផ្លែឈើមានឱជារសឆ្ងាញ់ដោយសារនៅពេលថ្លៃក្ដៅខ្លាំងវាបានផលិតជាម្សៅនៅក្នុងកោសិការបស់វាបន្ទាប់មកនៅពេលយប់ចុះត្រជាក់វាបានបំលែងម្សៅនោះទៅជាស្ករដែលអាចឲ្យវាមានរសជាតិផ្អែមបាន។

សម្រាប់តំបន់ដែលមានលក្ខណៈអាកាសធាតុក្ដៅវាមិនបានជួយឲ្យទិន្នផលមានរសជាតិឆ្ងាញ់ដូចនៅតំបន់ដែលមានអាកាសធាតុត្រជាក់ឡើយ។

កត្តាសំណើម

កត្តាមួយនេះទាក់ទងទៅនឹងទឹកដែលយើងស្រោចស្រពទៅឲ្យដំណាំនៅក្នុងបរិមាណ និងពេលវេលាសមស្របមួយ។ ការគ្រប់គ្រងសំណើមនៅក្នុងដីគឺជារឿងដ៏ចាំបាច់ព្រោះនៅពេលដែលសំណើមខ្លាំងពេកមុនពេលប្រមូលផលវាអាចបណ្ដាលឲ្យប៉ះពាល់ទៅដល់គុណភាពរសជាតិផងដែរ។ សម្រាប់បន្លែមុនពេលប្រមូលផលម្ចាស់ចំការគួរតែផ្ដាច់ទឹក ឬបន្ថយបរិមាណទឹកដែលធ្លាប់ស្រោចយ៉ាងហោចមួយសប្ដាហ៍។ រីឯផ្លែឈើគួរតែផ្ដាច់ទឹកឬអាចស្រោចក្នុងបរិមាណតិចបំផុតប្រសិនបើចាំបាច់ក្នុងរយៈពេលប្រហែលពី ២-៣សប្ដាហ៍មុនពេលបេះផ្លែ។

ឧទាហរណ៍៖ ទុរេនគេត្រូវផ្ដាច់ទឹក ៣សប្ដាហ៍មុនពេលប្រមូលផលដើម្បីឲ្យផ្លែទទួលបានរសជាតិឆ្ងាញ់ ស្ងួត ផ្អែមជាដើម។

កត្តាពេលវេលា

ម៉ោង ឬពេលវេលាគឺជាកត្តាដ៏ចាំបាច់ដែលយើងគួរយកចិត្តទុកដាក់ព្រោះរុក្ខជាតិមានពេលវេលាដែលវាផលិតស្ករ និងម្សៅផងដែរ។ ម្យ៉ាងទៀតវាធ្វើរស្មីសំយោគនៅពេលថ្ងៃ(ដោយចាប់យកកាបូនឌីអុកសុីត និងទឹកពីខ្យល់ និងដីតាមរយៈឫស បន្ទាប់មកទឹកបាត់បង់អេឡិចត្រុង ហើយកាបូឌីអុកសុីតទទួលបានអេឡិចត្រុងដើម្បីផលិតជាស្ករ រីឯទឹកបំលែងទៅជាអុកសុីសែន)។ រុក្ខជាតិបំលែងកាបូនឌីអុកសុីតទៅជាម្សៅនៅពេលថ្ងៃ និងបំលែងទៅជាស្ករ(គ្លុយកូស)នៅពេលយប់ដែលជាហេតុធ្វើឲ្យយើងអាចប្រមូលផលដំណាំនៅពេលព្រឹកប្រលឹម ដើម្បីទទួលបានូវបន្លែ ឬផ្លែឈើដែលមានរសជាតិផ្អែមខុសពីទិន្នផលដែលប្រមូលផលនៅពេលថ្ងៃត្រង់។

កត្តាជី

សារធាតុចិញ្ចឹមគឺជារឿងសំខាន់មួយដែលមានឥទ្ធិពលទៅដល់រសជាតិនៃដំណាំ ព្រោះនៅពេលដែលបរិមាណសារធាតុចិញ្ចឹមគ្រប់គ្រាន់វានឹងធ្វើឲ្យរុក្ខជាតិមានកម្លាំងក្នុងការផលិតអាហារ និងថាមពលដើម្បីចិញ្ចឹមសរីរាង្គរបស់វា។ ប៉ុន្តែនៅពេលដែលយើងផ្តល់នូវសារធាតុចិញ្ចឹមដល់ដំណាំលើស ឬមិនគ្រប់វានឹងបង្កផលប៉ះពាល់ដល់ឱជារសរបស់វាផងដែរ។

#ចំណាំ៖ មិនមែនអនុវត្តន៍តាមវិធីសាស្ត្រទាំងនេះសុទ្ធតែអាចបានរសជាតិផ្អែមនូវគ្រប់រុក្ខជាតិឡើយវាក៏អាស្រ័យលើពូជដែលដាំផ្អែមឬជូរ ហើយវិធីសាស្ត្រានេះគ្រាន់តែធ្វើឲ្យបន្លែ ឬផ្លែឈើផ្អែមខុសពីធម្មតា ឬឆ្ងាញ់ជាងមុន។

ឯកសារយោង

Writer