ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

កត្តាទាំង «៤» ដែលធ្វើឲ្យរុក្ខជាតិមានជំងឺ

ដើម្បីឲ្យរុក្ខជាតិអាចដុះលូតលាស់បានល្អ និងមានសុខភាពរឹងមាំ យើងគួរគម្បីយកចិត្តទុកដាក់ទៅលើទម្លាប់ប្រចាំថ្ងៃក្នុងការមើលថែដំណាំដូចជារបៀបនៃការផ្ដល់សារធាតុចិញ្ចឹម ប្រព័ន្ធស្រោចស្រព និងផ្ដល់នូវលក្ខខណ្ឌក្សេត្របរិស្ថានឲ្យសមស្របទៅនឹងដំណាំដែលយើងដាំ។ កត្តាទឹក ជី និងអាកាសធាតុគឺជារឿងដ៏សំខាន់បំផុតសម្រាប់រុក្ខជាតិព្រោះវាអាចកំណត់នូវភាពធំធាត់របស់ដំណាំ និងសុខភាព។ ខាងក្រោមនេះគឺជាកត្តាមួយចំនួនដែលអាចធ្វើឲ្យរុក្ខជាតិមានជំងឺ៖

កត្តាសីតុណ្ហភាព

ជាកត្តាមួយដែលអាចបង្កការគំរាមគំហែងទៅដល់សុខភាពរបស់រុក្ខជាតិ ព្រោះវាអាចលូតលាស់បានលុះត្រាតែស្ថិតនៅក្នុងលក្ខខណ្ឌអាកាសធាតុជាក់លាក់មួយទៅតាមប្រភេទរុក្ខជាតិ។ ការប្រែប្រួលនៃអាកាសធាតុបានផ្ដល់នូវផលវិបាកជាច្រើនទៅដល់រុក្ខជាតិជាពិសេសវាងាយនឹងកើតនូវជំងឺផ្សេងៗផងដែរ។ នៅពេលដែលសីតុណ្ហភាពទាបវាបង្កឲ្យមានភាពងាយស្រួលទៅដល់ពពួកមេរោគផ្សិត និងបាក់តេរីក្នុងការបង្កកំណើតនៅលើរុក្ខជាតិ ដូច្នេះហើយដើម្បីការពារនូវពពួកជំងឺនេះបានម្ចាស់ចំការគួរយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងខ្យល់ ពន្លឺ និងសំណើមនៅក្នុងដើម។

កត្តាសំណើម

ការគ្រប់គ្រងសំណើមឲ្យបានល្អគឺជារឿងដ៏សំខាន់បំផុតសម្រាប់រុក្ខជាតិ ព្រោះបើសំណើមខ្ពស់ពេកវាអាចបណ្ដាលឲ្យរុក្ខជាតិងាយនឹងឆ្លងជំងឺផងដែរ។ ពពួកផ្សិត និងបាក់តេរីអាចបង្កកំណើតបាននៅចន្លោះសំណើម៨០-៩០% ហើយសំណើមបែបនេះអាចបណ្ដាលឲ្យរុក្ខជាតិងាយនឹងកើតនូវជំងឺស្លឹក និងផ្លែ។ នៅរដូវកាលសំណើមខ្លាំងពី ៩០-៩៥% វាអាចបង្កឲ្យមានប្រភេទម្សៅផ្សិត(Spores mildew powdery) ហើយច្រើនកើតលើរុក្ខជាតិនៅក្នុងដំណាក់កាលលូតលាស់។ វិធីទប់ស្កាត់ ដោយកាត់បន្ថយនូវការប្រើប្រាស់ថាំ ឬជីដែលមានលាយជាមួយទឹក ត្រូវប្រើជាប្រភេទគ្រាប់វិញ។ ម្យ៉ាងទៀតប្រសិនបើសំណើមខ្ពស់ពេកត្រូវកាត់បន្ថយនូវការស្រោចស្រពដំណាំជាពិសេស ប្រភេទដំណាំផ្ទះសំណាញ់(Greenhouse) ជៀសវាងកើតនូវជំងឺប្រភេទ Aphanomyces និងPythium Phytiphthora។ ចំពោះការស្រោចទឹកច្រើនពេកអាចបណ្ដាលឲ្យថយចុះនូវអុកសុីសែន និងបង្កើនកាបូនឌីអុកសុីតដែលធ្វើឲ្យឫសងាយរលួយ។

កត្តាជីវជាតិ

ជាកត្តាមួយដែលទាក់ទងទៅនឹងការប្រែប្រួលនៃសារធាតុចិញ្ចឹមដូចជាការលើស ឬខ្វះសារធាតុចិញ្ចឹម និងបញ្ហានៃការប្រើប្រាស់សារធាតុគីមីច្រើនពេកក្នុងពេលតែមួយ។ ការលើសឬខ្វះនៃសារធាតុចិញ្ចឹមអាចបណ្ដាលឲ្យរុក្ខជាតិឈឺបានដោយសារតែលើសជីជាតិវាបណ្ដាលឲ្យរុក្ខជាតិងាយកើតជំងឺឫស និងបន្តរហូតពេញមួយតួខ្លួន។ រីឯខ្វះសារធាតុចិញ្ចឹមធ្វើឲ្យរុក្ខជាតិមានបញ្ហាទៅលើស្លឹក ដើម និងឫស កាន់តែពិសេសទៅទៀតនោះធ្វើឲ្យវាចុះខ្សោយដែលងាយនឹងឆ្លងនូវជំងឺពីវីរុស បាក់តេរី និងផ្សិត។ ដើម្បីការពារនូវបញ្ហានេះត្រូវកំណត់នូវកាលវិភាគ និងបរិមាណជីឲ្យបានច្បាស់លាស់ជៀសវាងខាតបង់ថវិកាផងដែរ។ ចំណែកឯការរលាកដោយសារការប្រើនូវថ្នាំគីមីក្នុងពេលតែមួយច្រើនប្រភេទពេកបណ្ដាលឲ្យរុក្ខជាតិកាន់តែបាក់កម្លាំង និងងាយនឹងងាប់(ការប្រើថ្នាំព្យាបាលជំងឺ បូកជាមួយជីគីមី ក្នុងពេលរុក្ខជាតិកំពុងធ្វើរស្មីសំយោគដែលជាហេតុធ្វើឲ្យវាពិបាកទ្រាំទ្របាន) គេអាចប្រើប្រាស់នូវថ្នាំចាំបាច់ណាមួយដែលជាចំណុចសំខាន់ទើបគេអាចប្រើប្រភេទជីកំប៉ុស្តិ៍ទៅតាមក្រោយ។

កត្តាដី

កត្តាដីទាក់ទងនឹងអាសុីតដី(pH) និងប្រភេទដី ដែលវាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់រុក្ខជាតិ។ រុក្ខជាតិអាចដុះលូតលាស់បានល្អស្ថិតនៅក្នុងអាសុីតនៃដីដែលត្រូវបានកំណត់ទៅតាមប្រភេទនៃដំណាំ។ ដោយឡែកនៅពេលដែលអាសុីតថយចុះវាធ្វើឲ្យសារធាតុចិញ្ចឹមនៅក្នុងដីប្រែប្រួលដំណើរការ និងប៉ះពាល់ដល់សុខភាពនៃដំណាំ។ ចំពោះការលើសអាសុីតវាបានបង្កឲ្យដីខូតគុណភាព និងងាយនឹងកើតជំងឺសម្រាប់រុក្ខជាតិ ដោយវាបណ្ដាលឲ្យកើតនូវសារធាតុក្លរ៉ូសុីស Interveinal និង bleaching, mottling។ ព្រមទាំងបណ្ដាលឲ្យថយចុះនូវសារធាតុរ៉ែក្នុងដីដូចជា ដែក ម៉ង់ហ្គាណែស និងស័ង្កសី ដែលជាធាតុសំខាន់មួួយជួយជម្រុញឲ្យរុក្ខជាតិអាចធ្វើរស្មីសំយោគបាន។(គេអាចប្រើប្រាស់កំបោរសក្នុងការកាត់បន្ថយនូវអាសុីតក្នុងដី)

ឯកសារយោង

Writer