ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

របៀបដាំដុះទំពាំងបារាំងដែលកំពុងមានទីផ្សារខ្ពស់

ទំពាំងបារាំងគឺជាដំណាំមួយប្រភេទដែលមានប្រភពមកពីទ្វីបអឺរ៉ុប, អាហ្រ្វិកខាងជើង និងអាសុី ហើយរុក្ខជាតិនេះត្រូវបានបង្កាត់ដោយជនជាតិរ៉ូម បន្ទាប់មកមានការដាំដុះយ៉ាងទូលំទូលាយទូទាំងសកលលោក។ ម្យ៉ាងទៀតទំពាំងបាំងជាប្រភេទរុក្ខជាតិដែលស្ថិតនៅក្នុងគ្រួសារ Asparagoideae ដោយមានកម្ពស់ជាមធ្យមពី ១០០-១៥០ សង់ទីម៉ែត្រ។ ដំណាំមួយមុខនេះអាចប្រមូលផលបានពេញលេញនៅចន្លោះអាយុ ៣-៤ឆ្នាំ ប៉ុន្តែក្រោយដាំ៥-៦ខែវាក៏ចាប់ផ្ដើមឲ្យផលដែរដោយនៅក្នុងបរិមាណតិចតួច ២-៥ពន្លក/គុម្ព ហើយវាមានអាយុកាលចន្លោះ ១០-២០ឆ្នាំ។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដើម្បីដាំដុះទំពាំងបារាំងឲ្យទទួលបានជោគជ័យ៖

គុណសម្បត្តិនៃទំពាំងបារាំង

  • ជួយទៅដល់ការសម្រកទម្ងន់
  • ពោរពេញទៅដោយសារធាតុប្រឆាំងនឹងអុកសុីតកម្ម
  • មានវីតាមីន E និងសម្បូរវីតាមីន K
  • ល្អសម្រាប់សុខភាពពោះវៀន
  • សម្បូរអាសុីតហ្វូលិក
  • ជួយការពារUTls
  • ល្អសម្រាប់សុខភាពបេះដូង
  • ជួយរំលាយអាហារ
  • ជួយរក្សាកម្រិតជាតិស្ករក្នុងឈាម
  • ការពារជំងឺមហារីក
  • និងជួយបង្កើនការមានកូន។

លក្ខខណ្ឌក្សេត្របរិស្ថាន

សីតុណ្ហភាព៖ ទំពាំងបារាំងជារុក្ខជាតិដែលចូលចិត្តត្រជាក់ ពន្លឺខ្លាំង និងទឹក វាអាចលូតលាស់បានល្អស្ថិតនៅចន្លោះសីតុណ្ហភាព ២៥-៣០ អង្សាសេ។ 

លក្ខខណ្ឌដី

ជាប្រភេទដីដែលមិនជាំទឹកនៅរដូវវស្សា ហើយវាអាចលូតលាស់បានល្អនៅលើប្រភេទដីល្បាយខ្សាច់ ដែលមានលក្ខណៈធូរងាយស្រួលក្នុងការដុះពន្លក និងលូតលាស់។

ពន្លឺ

ដំណាំមួយប្រភេទនេះត្រូវការពន្លឺខ្លាំងវាមិនអាចលូតលាស់បាននៅក្រោមម្លប់ទេ ព្រោះវាត្រូវការពន្លឺដើម្បីលូតលាស់បានលឿន និងអាចទទួលបានទិន្នផលបានខ្ពស់។

រដូវដាំដុះ

គេអាចដាំដុះដំណាំមួយប្រភេទនេះបានល្អគឺនៅចន្លោះចុងខែសីហា-មីនា និង រដូវប្រាំងនៅខែកុម្ភៈ-មិថុនា។

បច្ចេកទេសដាំដុះ

  • ដាំដោយគ្រាប់៖ ជាដំបូងត្រូវត្រាំគ្រាប់ពូជជាមួយទឹកក្ដៅឧណ្ហៗ ចំនួន ១២ម៉ោង បន្ទាប់មកយកវាទៅហាលក្រោមខ្យល់ឲ្យស្ងួត(ការធ្វើបែបនេះគឺដើម្បីដាស់ដំណេកគ្រាប់ពូជឲ្យវាឆាប់ដុះពន្លក) ក្រោយហាលរួចគេអាចយកទៅបណ្ដុះដោយផ្ទាល់ជាមួយត្រេ ឬដាក់ក្នុងកន្សែងដែលមានសំណើមល្អដោយទុករយៈពេល ៩-១២ថ្ងៃទើបវាអាចចេញពន្លកមក។ បន្ទាប់ពីចេញពន្លកគេអាចយកទៅបណ្ដុះនៅក្នុងថង់ ឬត្រេ ឬដាំនៅលើរងបណ្ដុះដោយផ្ទាល់បាន។
  • ដាំដោយដើម៖ គេអាចកាត់ដើមណាដែលចាស់ល្អជៀសវាងរលួយដើម ដោយកាត់ចេញទុករយៈពេលយ៉ាងហោច ១៥ថ្ងៃ។

ការលាយដីបណ្ដុះកូន

ដើម្បីឲ្យកូនទំពាំងបារាំងអាចលូតលាស់បានល្អកសិករគួរប្រើប្រាស់ថង់បណ្ដុះដែលមានទំហំ ៧x១២សង់ទីម៉ែត្រ បន្ទាប់មកលាយជាមួយដីស្អាត ផេះអង្កាម និងលាមកសត្វឬជីកំប៉ុស្ដិ៍ រួចយកគ្រាប់ពូជដាក់ចូលថង់ដោយជម្រៅ ០.៥-១ សង់ទីម៉ែត្រ។ ត្រូវស្រោចទឹកនៅរៀងរាល់ ១២-១៥ម៉ោងម្ដង ដោយស្រោចជាមួយប្រព័ន្ធទឹកតំណក់ ឬទុយោរដែលមានក្បាលបាញ់សាចខ្សោយដែលមិនប៉ះពាល់ទៅដល់គ្រាប់ពូជនៅក្នុងដីបណ្ដុះ។

ការរៀបចំដី

ជាធម្មតាមុននឹងអាចដាំដំណាំបានគេត្រូវភ្ជួរដីជម្រៅ ៤០-៥០សង់ទីម៉ែត្រ និងបាញ់ថ្នាំសម្លាប់សត្វល្អិតជា មុនសិនដើម្បីឲ្យដីធូរល្អ។ នៅក្នុងកំឡុងពេលភ្ជួរដីគេត្រូវបាចកំបោរ ៧-៨គីឡូក្រាម និងជីផូស្វ័រ ៤-៥គីឡូក្រាមក្នុងទំហំដី ១០០ម៉ែត្រការេ។ ម្យ៉ាងទៀតគេអាចដាក់បន្ថែមនូវជីកំប៉ុស្ដិ៍ និងលាមកសត្វ ឬ កាកសំណល់រលួយលឿនទៅក្នុងដីដោយការធ្វើបែបនេះអាចឲ្យដីមានជីជាតិកាន់តែខ្លាំង ហើយគេត្រូវហាលដីចោលចំនួន ២សប្ដាហ៍។ 

ការលើករង

គេអាចលើករងកម្ពស់ ២០-២៥សង់ទីម៉ែត្រ ដោយមានទទឹង x បណ្ដោយ(១x១០ម៉ែត្រ ប៉ុន្តែវាអាចប្រែប្រួលទៅតាមទំហំដីជាក់ស្ដែងដែរ) ហើយគម្លាតរងនីមួយៗមានចម្ងាយ ៩០ សង់ទីម៉ែត្រ។

របៀបដាំ

នៅពេលដាំគេត្រូវជីករណ្ដៅជម្រៅ ២០-៣០សង់ទីម៉ែត្រ និងមានចន្លោះគុម្ព ៣០-៤០សង់ទីម៉ែត្រ ដើម្បីឲ្យដើមទំពាំងមិនមានការប្រកួតប្រជែងសារធាតុចិញ្ចឹម និងអាចទទួលពន្លឺបានគ្រប់គ្រាន់។

ការថែទាំ

  • ប្រព័ន្ធធារាសាស្ត្រ៖ នៅក្នុងរដូវប្រាំងត្រូវស្រោចទឹកឲ្យបានទៀងទាត់ ប៉ុន្តែមិនត្រូវស្រោចទឹកក្រោយម៉ោង៥ល្ងាចទេជៀសវាងប៉ះពាល់ដល់ពន្លកទំពាំង។ បន្ទាប់មកគ្របចំបើងពីលើរងដើម្បីរក្សាសំណើមដី និងការពារការដុះស្មៅច្រើន។ រីឯរដូវវស្សាវិញត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់ទាក់ទងទៅនឹងចង្អូរទឹកចន្លោះរងព្រោះការពារកុំឲ្យជាំទឹកឬដក់ទឹកវាអាចបណ្ដាលឲ្យពន្លករលួយ។

ការប្រើប្រាស់ជី

ក្រោយដាំបាន ១៥-២០ថ្ងៃ ត្រូវប្រើជីNPK(១៥-១៥-១៥) លាយជាមួយទឹករួចស្រោចពីលើគល់។ បន្ទាប់មកនៅរៀងរាល់ ១០-១៥ថ្ងៃត្រូវស្រោចជីម្ដង និងដាក់ជីកំប៉ុស្តិ៍ឬជីសរីរាង្គផ្សេងៗ ប៉ុន្តែគេអាចឈប់ដាក់ជីនៅ ១៥ថ្ងៃក្រោយផ្ដល់ទិន្នផល។ កម្រិតជីណែនាំមាន ១០-១០-១០ ឬ ៥-១០-៥ និង ៨-៨-៨

ការគ្រប់គ្រងសត្វល្អិត និងជំងឺ

ជាទូទៅទំពាំងបារាំងតែងមានការគំរាមកំហែងពីសត្វល្អិត និងជំងឺដូចជា ដង្កូវនាង និងផ្សិតដែលបណ្ដាលឲ្យរលួយឫស។ ដើម្បីទប់ស្កាត់ពីសត្វល្អិត គេត្រូវសម្អាតស្មៅ កាត់ដើមដែលគ្រិន កាត់ស្លឹកខូចឬចាស់ និងរក្សាសំណើមដីឲ្យបានល្អ។ ប៉ុន្តែនៅក្នុងករណីឆ្លងមេរោគឬរងការបំផ្លាញដោយផ្សិតគេអាចប្រើប្រាស់ថ្នាំគីមី ឬថ្នាំធម្មជាតិបាន។

ការប្រមូលផល

ក្រោយដាំបាន៦-៩ខែ ទំពាំងចាប់ផ្ដើមផ្ដល់ផលដែលយើងអាចប្រមូលផលបានរយៈពេល ១៥ថ្ងៃ ហើយការកាត់ទំពាំងត្រូវកាត់នៅចន្លោះម៉ោង ៤-៩ព្រឹកជៀសវាងត្រូវពន្លឺថ្ងៃខ្លាំងអាចធ្វើឲ្យទំពាំងខូចគុណភាព។ ក្រោយ ១៥ថ្ងៃប្រមូលផលយើងត្រូវផ្អាក់ប្រមូលផលព្រោះដើម្បីទុកពេលក្នុងការដាក់ជីដល់ដំណាំ ដែលអាចឲ្យវាអាចដុះនូវដើមមេថ្មីដោយទុកដើមមេពី ៤-៦ដើមប៉ុណ្ណោះក្នុងមួយគុម្ព។

ឯកសារយោង

Writer