ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

របៀបជ្រើសរើសថ្នាំពុលឲ្យត្រូវនឹងប្រភេទស្មៅចង្រៃ និងកម្រិតពុលនៃថ្នាំគីមី

នៅក្នុងស្រែចំការតែងមានដុះនៅរុក្ខជាតិចង្រៃគ្រប់ប្រភេទទៅតាមតំបន់នីមួយៗ ហើយកន្លងមកកសិករបានកំចាត់ស្មៅទាំងនោះដោយកាត់ជាមួយនឹងម៉ាសុីនកាត់ស្មៅ ជម្រះដោយដៃ និងប្រើប្រាស់ថ្នាំពុលដែលមានលក់នៅក្នុងស្រុកជាដើម។ ជាទូទៅថ្នាំពុលមានគ្រប់ប្រភេទដែលបានដាក់លក់នៅក្នុងទីផ្សារសព្វថ្ងៃ ដោយកសិករអាចរកទិញបានយ៉ាងងាយស្រួល ប៉ុន្តែអ្វីដែលមិនងាយស្រួលនោះគឺការជ្រើសរើសថ្នាំឲ្យត្រូវនឹងប្រភេទស្មៅដើម្បីកំចាត់វាឲ្យបាត់ជារៀងរហូត។ ដោយផ្អែកតាមការសិក្សាស្រាវជ្រាវកន្លងមកគ្រប់ថ្នាំទាំងអស់មិនមែនសុទ្ធតែអាចសម្លាប់ស្មៅបានគ្រប់ប្រភេទនោះទេ ខាងក្រោមនេះគឺជាប្រភេទធាតុសកម្មដែលប្រឆាំងទៅនឹងរុក្ខជាតិដោយយើងអាចពិនិត្យមើលលើសំបកថ្នាំជៀសវាងទិញថ្នាំខុសប្រភេទស្មៅ។

កន្ទ្រាងខេត្រស្វាយ(Ageratum conyozides)

ជារុក្ខជាតិស្លឹកធំដែលស្ថិតនៅក្នុងគ្រួសារ Fabaceae ដើម្បីកំចាត់វាគេអាចជម្រះ ឬ ដកនៅពេលដែលវាមានអាយុតិចឬមិនទាន់ចេញផ្កាព្រោះវាមានទម្លាប់បន្តពូជដោយគ្រាប់ ហើយយើងក៏អាចប្រើប្រាស់ថ្នាំកំចាត់ស្មៅដោយជ្រើសរើសប្រភេទធាតុសកម្មមួយក្នុងចំណោមពីរធាតុខាងក្រោម៖

  • 2,4-D : 2,4-Dichlorophenoxyacetic acid
  • ឬ MCPA: 2-methyl-4-chlorophenoxyacetic

ស្មៅចិញ្ចៀន(Cynodon dactylon)

ជារុក្ខជាតិដែលឋិតក្នុងគ្រួសារ Poaceae យើងអាចកំចាត់រុក្ខជាតិនេះបាននៅពេលដែលវាស្ថិតក្នុងវ័យលូតលាស់ដោយជីកជម្រៅ 20cm ដើម្បីដកវាចោល ប៉ុន្តែបើវាមានចំនួនច្រើនគេអាចបាញ់ថ្នាំប្រភេទធាតុសកម្ម ៖

  • Glyphosate 2.76kg/ ha ៖ ត្រូវបាញ់ចំនួនពីរដងដោយលើកទីពីរត្រូវបាញ់នៅចន្លោះ 20 ថ្ងៃក្រោយបាញ់លើកទីមួយ ប្រសិនបើបាញ់លើកទីមួយមិនទាន់ងាប់អស់។

ស្មៅជើងតុកកែ(Dactyloctenium aegyptium)

ជាប្រភេទស្មៅដែលស្ថិតនៅក្នុងគ្រួសារ Poaceae ចំពោះរបៀបនៃការកំចាត់ស្មៅនេះរួមមាន៖

  • ដកដោយដៃ​ ជម្រះ​ ឬកាត់ដោយម៉ាសុីន
  • ធាតុសកម្មលើថ្នាំពុល៖ Fenoxaprop ឬ Propanil ជាប្រភេទថ្នាំ(Selective, ជម្រើស)ដែលប្រើសម្រាប់កំចាត់នៅដំណាក់កាលស្លឹក 3-5 ហើយថ្នាំប្រភេទនេះអាចសម្លាប់ស្មៅបានលឿនដោយរយៈពេល 48ម៉ោង Meristems ប្រែជាខ្មៅ ហើយស្លឹកចាប់ផ្ដើមលឿង បន្ទាប់មកមានពណ៌ក្រហមក្នុងរយះពេលប្រហែល 7-10ថ្ងៃ ហើយងាប់ក្នុងរយៈពេល 14ថ្ងៃក្រោយបាញ់។

ស្មៅពុកបង្កង(Digitaria ciliaris)

ស្មៅពុកបង្កងជាស្មៅចង្រៃដែលស្ថិតនៅក្នុងគ្រួសារ Poaceae គេអាចកំចាត់តាមរបៀប៖

  • ប្រើថ្នាំកំចាត់សរីរាង្គធម្មជាតិ៖ ទឹកខ្មោះ
  • ប្រើផលិតផលដែលមានជាតិអាម៉ូញាក់(NH3)

ស្មៅស្រូវ ឬស្មៅបែកក្បាលគ្មានកន្ទុយ(Echinochloa colona)

ស្មៅប្រភេទនេះឋិតនៅក្នុងគ្រួសារ Poaceae គេអាចកំចាត់នៅពេលដែលវាមានអាយុតិច ឬ មិនទាន់ចេញផ្កា ព្រោះវាបន្តពូជដោយគ្រាប់។ ម្យ៉ាងទៀតគេអាចកំចាត់តាមបែបដាំដុះដោយធ្វើដីនៅដើមដៃ ហើយពន្លិចទឹកនៅដំណាក់កាលដំបូង និងដកចោលដោយដៃ។ គេក៏អាចប្រើប្រាស់ថ្នាំគីមីសម្រាប់កំចាត់ដោយមានធាតុសកម្មជាច្រើនដែលយើងអាចជ្រើសរើស៖

  • Oxadiazon ៖ មានមុខងាររារាំងដល់ការលូតលាស់អង់សុីមរបស់ស្មៅ និងមានប្រសិទ្ធភាពខ្ពស់ចំពោះស្មៅទើបតែដុះ។
  • Pendimethalin ៖ ជាធាតុដែលមិនប៉ះពាល់ដល់ដំណាំនៅពេលប្រើប្រាស់ដោយវារារាំងទៅដល់ការលូតលាស់នៃឫស និងពន្លកត្រួយនៃស្មៅចង្រៃ

កក់ឆ័ត្រតូច(Cyperus difformis)

ជាស្មៅនៅក្នុងគ្រួសារ Cyperaceae វាមានទម្លាប់បន្តពូជដោយគ្រាប់ ហើយគេអាចកំចាត់រុក្ខជាតិប្រភេទនេះដោយប្រើប្រាស់ម៉ាសុីនកាត់ស្មៅ និងជម្រះ ឬ ដកដោយដៃ ម្យ៉ាងទៀតគេអាចប្រើថ្នាំគីមីដោយមានធាតុសកម្មចូលរួម៖

  • 2,4-D : 2,4-Dichlorophenoxyacetic acid
  • ឬ MCPA: 2-methyl-4-chlorophenoxyacetic

ស្បូវ(Cogon grass)

ស្បូវតែងតែដុះនៅតាមទីវាល ឬ ចំការភាគច្រើននៅតំបន់ខ្ពង់រាប់ដោយវាឋិតនៅក្នុងគ្រួសារ Poaceae ហើយវាមានទម្លាប់បន្តពូជដោយខ្នែង និងគ្រាប់។ គេអាចកំចាត់នៅពេលដែលវាមានអាយុតិច ដោយដកឲ្យដាច់ឫស ដុតចោល និងភ្ជួរក្នុងជម្រៅជ្រៅៗរួចហាលដីចោល។ ប៉ុន្តែគេក៏អាចប្រើប្រាស់ថ្នាំគីមីដើម្បីកំចាត់ដែរដោយប្រើនូវថ្នាំដែលមានធាតុសកម្មចូលរួម៖

  • Glyphosate
  • ឬ Imazapyr

កម្រិតពុលនៃថ្នាំគីមី

  • កូដពណ៌ក្រហម៖ មានលក្ខណៈពុលខ្លាំង ស្ថិតនៅកម្រិតថ្នាក់លេខមួយ
  • កូដពណ៌លឿង៖ មានកម្រិតគ្រោះថ្នាក់មធ្យម ស្ថិតក្នុងកម្រិតលេខពីរ
  • កូដពណ៌ខៀវ៖ មានកម្រិតពុលតិចតួច នៅលំដាប់ថ្នាក់លេខបី

#ចំណាំ៖ មុននឹងប្រើប្រាស់ថ្នាំត្រូវអានសេចក្ដីណែនាំឲ្យបានត្រឹមត្រូវ ហើយជ្រើសរើសនូវប្រភេទថ្នាំដែលមានការទទួលស្គាល់ពីក្រសួងត្រឹមត្រូវដោយមានការចុះបញ្ជីកាច្បាស់លាស់។

ឯកសារយោង

Writer