ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

បច្ចេកទេសដាំដុះដំណាំម៉ាកាដាមៀ(Macadamia)

ម៉ាកាដាមៀ(Macadamia) គឺជារុក្ខជាតិម្យ៉ាងដែលឋិតនៅក្នុងគ្រួសារ Proteacaea ហើយវាជាប្រភេទរុក្ខជាតិឈើ មានកម្ពស់ចន្លោះ ២-១២ ម, ស្លឹកមានប្រវែង ៦-៣០ ស.ម, ទំហំស្លឹកពី ២-១៣ ស.ម, ផ្កាដុះជាចង្កោមប្រវែង ៥-១៣ ស.ម និងមានពណ៌លឿងឬផ្កាឈូក។ ផ្លែរបស់វាមានរូបរៀងស្រដៀងផ្លែប៉េសស្រុកចិនតែមានទំហំតូច ដោយនៅពេលខ្ចីវាមានពណ៌បៃតងហើយចាស់ពណ៌ត្នោត និងមានសំបកប្រេះ ទម្ងន់ស្រស់ ៨-៩ក្រាម។ ដំណាំមួយមុខនេះមានលក្ខណះធន់ទ្រាំនឹងភាពរាំងស្ងួតដូចកៅស៊ូដែរ ។ នៅប្រទេសកម្ពុជាយើងកសិករបានដាំដុះនៅតំបន់មួយចំនួនគឺនៅភាគឦសានដូចជាខេត្តមណ្ឌលគិរីជាដើម ដោយពួកគាត់បាននាំចេញទៅកាន់ទីផ្សារប្រទេសវៀតណាម។ ខាងក្រោមនេះគឺជាគុណសម្បត្តិ និងបច្ចេកទេសដាំដុះនៃដំណាំម៉ាកាដាមៀ៖

គុណសម្បត្តិនៃម៉ាកាដាមៀ

  • បរិភោគផ្លែម៉ាកាអាចជួយឲ្យសម្រកទម្ងន់
  • ការពារជំងឺទឹកនោមផ្អែម
  • ការពារជំងឺបេះដូង
  • គេអាចកែច្នៃគ្រាប់ម៉ាកាជាគ្រាប់ធញ្ញជាតិសម្រាប់បរិភោគប្រចាំថ្ងៃ
  • ធ្វើជាប្រេងសម្រាប់លាបលើស្បែកដែលអាចជួយចិញ្ចឹមស្បែកឲ្យក្មេងជាងវ័យ និងផ្ដលសំណើមបានល្អ
  • ប្រេងម៉ាកាអាចកាត់បន្ថយការជ្រុះសក់ និងធ្វើឲ្យសក់មានសុខភាពល្អ
  • ការពារ និងពន្យាជំងឺផ្នែកឡើងបាយ
  • ការពារបបូរមាត់ប្រេះ
  • សម្បូរសារធាតុប្រឆាំងអុកសុីតកម្ម
  • ច្នៃជាអាហារផងដែរ។

#ចំណាំ៖ មិនត្រូវបរិភោគច្រើនលើសកំណត់ទេវាអាចបណ្ដាលឲ្យលើសទម្ងន់ឬអាឡែសុីបាន។

លក្ខខណ្ឌអាកាសធាតុ

  • សីតុណ្ហភាព៖ ចាប់ពី ១២-៣២ អង្សាសេ និងល្អបំផុតនៅសីតុណ្ហភាព ២០-២៥អង្សាសេ។ នៅពេលដុះពន្លកផ្កាវាតម្រូវការសីតុណ្ណភាពនៅពេលយប់ចន្លោះ ១៨-២១ អង្សាសេ បើក្រោម ១២ និង ខ្ពស់ជាង ២១អង្សាសេវាមិនចេញពន្លកផ្កាឡើយ។
  • ទឹកភ្លៀង៖ មានបរិមាណ ១២០០ម.ម/ឆ្នាំ ។
  • ខ្យល់៖ ម៉ាកាដាមៀមិនត្រូវការខ្យល់ខ្លាំងពេកទេព្រោះវាជារុក្ខជាតិដើមខ្ពស់ និងមានឫសរាក់ ប៉ុន្តែសម្រាប់តំបន់ដែលមានខ្យល់ខ្លាំងអាចប្រើខ្សែសម្រាប់ចងទប់បាន។
  • លក្ខណះដី៖ ដំណាំនេះអាចដុះលូតលាស់បាននៅលើដីគ្រប់ប្រភេទ ប៉ុន្តែវាមិនអាចលូចលាស់បាននៅលើប្រភេទដីអាល់កាឡាំង, ដីអាសុីតខ្លាំងឫប្រៃ, ដីថ្មកំបោរ, ដីថ្ម, ដីលិចទឹក និងដីដែលមានភាពឥដ្ឋខ្លាំង។ ដើមម៉ាកាត្រូវការកម្រាស់ដី ៧០ ស.ម, បង្ហូរទឹកបានល្អ និងសម្បូរទៅដោយសារធាតុសរីរាង្គ។
  • ភាពអាសុីត៖ វាត្រូវការ pH ចន្លោះពី ៥-៥.៥។

បច្ចេកទេសដាំដុះ

  • រដូវកាលដាំដុះ៖ ម៉ាកាដាមៀជាដំណាំដែលគេអាចដាំដុះបាននៅរដូវវស្សាចន្លោះពាក់កណ្ដាលខែ ឧសភា-សីហា ព្រោះវាអាចទទួលបានទឹកភ្លៀងគ្រប់គ្រាន់។
  • ការរៀបចំដី៖ ជីករណ្ដៅមានទំហំ ៥០x៥០x៥០ ស.ម ឬ ៨០x៨០x៨០ ស.ម ហើយត្រូវរក្សាដីស្រទាប់លើនៅដោយឡែក។ ចំណែកឯគម្លាតចន្លោះគុម្ពវិញមានដូចជា ៣x៤ ម៉ែត្រ(៨៣៣ដើម/ហ.ត), ៤x៦ម(៤០០ដើម/ហ.ត), ៤x៨ម(២៨៦ដើម/ហ.ត), និង ៥x១០ម(២០០ដើម/ហ.ត)។
  • វិធីដាំ៖ បន្ទាប់ពីកាប់រណ្ដៅរួចត្រូវលាយដីស្រទាប់លើជាមួយនឹងលាមកសត្វចំនួន ១៥គីឡូក្រាម និងដាក់ផូស្វ័រចំនួន ០.៥គីឡូក្រាមរួចលុបដីពីលើឲ្យពេញរណ្ដៅ ហើយ ២០ ថ្ងៃក្រោយមកត្រូវលាយលាមសត្វ និងដីស្រទាប់លើម្ដងទៀតដោយកាប់រណ្ដៅនៅក្នុងរណ្ដៅចាស់ទំហំ ១៥-២០ស.ម និងជម្រៅ ២៥-៣០ស.ម នៅចំកណ្ដាលរណ្ដៅ។ ការធ្វើបែបនេះអាចកាត់បន្ថយទៅលើការប្រើប្រាស់ជីច្រើននៅពេលក្រោយ និងអាចឲ្យរុក្ខជាតិដុះលូតលាស់ឫសបានលឿន។ បន្ទាប់មកគេត្រូវយកកាំបិតកាត់ថង់កូនឈើផ្នែកខាងបាតចេញដោយពិនិត្យមើលឫសបើវាកោងឬវៀចត្រូវកាត់ចោលជៀសវាងលូចលាស់យឺតឬក្រិន រួចកាត់ថង់ថ្នមៗកុំឲ្យបែកដីកំណើតហើយដាក់ក្នុងរណ្ដៅ និងលុបដីចូលរណ្ដៅ បើស្ថិតនៅតំបន់ខ្យល់ខ្លាំងត្រូវដោតដើមឈើឆ្កាងមួយរួចចងកូនម៉ាកាដាមៀ ហើយត្រូវទុកស្មៅនៅជុំវិញដើម្បីអាចរក្សាសំណើមនៃឫស។

ការថែទាំ

ជៀសវាងការចំណាយលុយច្រើនទៅលើការកាត់ស្មៅកសិករអាចដាំដំណាំចម្រុះនៅចន្លោះដើមម៉ាកាបានដោយដាំដំណាំណាដែលមិនមានអំបូរឬគ្រួសារដូចគ្នាជៀសវាងការឆ្លងជំងឺឲ្យគ្នាទៅវិញទៅមក។ ម្យ៉ាងទៀតគេអាចដាំប្រភេទស្មៅគម្របដីដូចជាស្ទីឡូដែលអាចជួយស្រូបយកអាសូតពីលើបរិយាកាសចូលទៅក្នុងដីសម្រាប់រុក្ខជាតិផងដែរ។ ប្រសិនបើគ្មានការដាំស្មៅទេគេអាចកាត់ស្មៅ ៣-៥ដង/ឆ្នាំ។

ការតាក់តែងមែក

ជាទូទៅគេត្រូវកាត់មែកណាដែលរងការបំផ្លាញពីសត្វល្អិត និងមានជំងឺ ម្យ៉ាងទៀតគេអាចកាត់តែងមែកនៅកម្ពស់ដើមចាប់ពី ១ ម៉ែត្រ ដោយទុកដើមមេមួយមែកជុំវិញបី និងកាត់មែកណាដែលត្រួតលើគ្នា ឬ ជាប់គ្នាចោល។ ប្រសិនបើដើមមិនក្រាស់ទេមិនត្រូវកាត់មែកវាឡើយព្រោះវាជាមែកអាចបង្កបង្កើនផល។ ចំពោះដើមដែលមិនសូវមានមែកកសិករគួរតែកាច់ត្រួយវាចោលដើម្បីឲ្យម៉ាកាអាចលាស់មែកថ្មី។

ប្រព័ន្ធធារាសាស្រ្ដ

ម៉ាកាជាដើមដែលមានភាពធន់ទ្រាំជាមួយនឹងអាកាសធាតុរាំងស្ថួត ប៉ុន្តែប្រសិនបើរដូវប្រាំងមានរយៈពេលវែងពេកគេអាចស្រោចទឹក ៣០L/ដើម ដើម្បីធានាបាននូវការចេញផ្កា និងមិនធ្វើឲ្យជ្រុះផ្លែខ្ចី។

ការប្រើប្រាស់ជី

ជីលាមសត្វគឺជាជីធម្មជាតិដែលសំខាន់បំផុតក្នុងការប្រើប្រាស់ជាប្រចាំសម្រាប់ដំណាំនេះដោយតម្រូវឲ្យដាក់ ២-៣ដង/ឆ្នាំ ដែលមួយគុម្ពបរិមាណ ២០-៣០ គីឡូក្រាម ទៅតាមអាយុនៃរុក្ខជាតិ។ ពេលវេលានៃការដាក់ជីគួរតែដាក់នៅដើមរដូវវស្សា ឬ ពាក់កណ្ដាលរដូវវស្សា ហើយនៅពេលដាក់ជីគេត្រូវកាប់ប្រឡាយនៅចំហៀងដើមជម្រៅ ២០-២៥ស.ម និងទំហំ ១៥-២០ស.ម រួចចាំដាក់លាមកសត្វ ឬ ជីសីរាង្គបន្ទាប់មកកាប់ដីលប់ពីលើជីនោះ។ រីឯនៅពេលដាក់ជីលើកក្រោយត្រូវកាប់នៅចំហៀងមួយទៀតដោយខុសពីទីតាំងចាស់។ ម្យ៉ាងទៀតជីសរីរាង្គដែលគួរប្រើមានជីអ៊ុយរ៉េ និងជី NPK រូបមន្ត ២០-២០-១៥ ។

ការប្រមូលផល

ផ្លែម៉ាកាត្រូវបានប្រមូលផលនៅចន្លោះអាយុ ៤-៥ឆ្នាំ ហើយប្រមូលផលបានគឺនៅពេលដែលវាទុំបន្ទាប់មកជ្រុះក្រោមដើម។ គេត្រូវរើសវាជាប្រចាំដើម្បីការពារសត្វព្រៃសុីគ្រាប់ខាងក្នុង រួចយកផ្លែម៉ាកាទៅនោះហាលក្នុងម្លប់រហូតដល់ជាតិទឹកនៅក្នុងផ្លែនៅត្រឹម១០% ព្រោះនៅពេលវាជ្រុះមកភ្លាមមានជាតិទឹកនៅក្នុងផ្លែរហូតទៅដល់ ៣០% ប៉ុន្តែគេក៏អាចលក់ផ្លែនេះជាប្រភេទស្រស់បានដូចគ្នា។

ឯកសារយោង

Writer