ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

វិធីការពារសត្វល្អិតនិងជំងឺកើតលើផ្លែត្រសក់ស្រូវ

ជាទូទៅដំណាំត្រសក់ផ្អែម តែងជួបប្រទះជម្ងឺ និងការបំផ្លាញពីសត្វល្អិតផ្សេងៗ វាអាចមានផលប៉ះពាល់អាក្រក់ដល់ផ្លែត្រសក់ ដោយសារយើងទុកតែមួយផ្លែក្នុងមួយដើម ។ ការថែទាំ និងការតាមដានពិនិត្យមើលដំណាំ ត្រសក់ ជាប្រចាំ គឺជាការចាំបាច់បំផុត។

សត្វល្អិត និងវិធានការការពារ

សត្វល្អិតដែលតែងជួបប្រទះ លើដំណាំត្រសក់ផ្អែម មានដូចជា ៖

  • អណ្ដើកមាស (Monolepta Signala] បំផ្លាញពីដំណាក់កាលកូន រហូតដល់ដំណាក់កាលផ្លែ
  • ដង្កូវស៊ីញ៉េ ដង្កូវមេអំបៅ (Diaphania Indica) ដង្កូវមូរស្លឹក… ជាដើម ។ ពួកវា ស៊ីបំផ្លាញ ត្រួយ នឹង ស្លឹកចាប់ពីដំណាក់កាលកូន រហូតដល់ដំណាក់កាលមានផ្លែ ។
  • សត្វល្អិត ទ្រីប ជញ្ជក់រុក្ខរសស្លឹកត្រួយខ្លី ហើយបង្ក និងចំលងជម្ងឺវីរុស (ស្លឹករួញ ក្រិនស្លឹក លៀង) ធ្វើដើម និងស្លឹកត្រសក់ ក្រិនរួញក្រញាញ់ ហើយជួនកាលផ្ទុះ ឬ ប្រេះក្តិប ឬ ផ្លែខ្ចី។ ចំពោះ ផ្លែត្រសក់នៃដើមដែលមានជម្ងឺនេះ អាចមើលពីខាងក្រៅ មានលក្ខណៈធម្មតា ដូចផ្លែ បេះពីដើមគ្មានជម្ងឺ ប៉ុន្តែគុណភាព វាត្រូវបាត់បង់ (ទុំមុនអាយុ រសជាតិសាយ ឬ មិនសូវផ្អែមសាច់ទន់មិនស្រួយ គ្មានក្រឡាសំណាញ់… )។

វិធានការពារ និង កំចាត់

  • ប្រើប្រាស់សំណាញ់មុងក្រឡាល្អិតព័ទ្ធជុំវិញចំការ
  • ដាំដំណាំជារបងដែលមានក្លិនឈួល ដើម្បីជួយបណ្តេញ ឬ បង្ការទប់ស្កាត់
  • ជំរះស្មៅនៅក្បែរង ដែលជាជំរកសត្វល្អិត
  • តាមដានការវិវឌ្ឍន៍របស់ដំណាំជាប្រចាំ ។ ក្នុងករណីសង្កេតមានចាប់ផ្តើម ការបំផ្លាញ ឬ ចាំបាច់ការពារមុន គួរប្រើប្រាស់ថ្នាំ អាបាមិចទីន និង កុងហ្វិឌឺរ(Abamectine & Confider) តាមកម្រិតណែនាំ។

ជម្ងឺអង់ត្រាក់ណូស (Anthracnose)

ជាទូទៅ ជម្ងឺនេះ បណ្តាលមកពីពពួកផ្សិត Colletotrichum Lagenarium ដែលកើតឡើងនៅរដូវ ដែលក្តៅហើយសើម ។ រោគសញ្ញាសំខាន់ៗរបស់វា រួមមាន៖ ស្លឹកចាប់ផ្តើម មានលេចចេញស្នាមអុចមូលៗ ហើយប្រែពណ៌ជាលឿង ។ នៅលើផ្លែ មានស្នាមអុចមូល ប្រែពីពណ៌សំបកខាងក្រៅរបស់ត្រសក់ (បៃតង ឬ ស តាមពូជត្រសក់) ទៅជាពណ៌ត្នោត និង ខ្មៅ ។ នៅលើដើមស្នាមជាំ ឬ ដំបៅ ចាប់ផ្តើមរុំព័ទ្ធ និង ធ្វើឱ្យផ្លែស្លឹកស្រពោន។

វិធានការពារ

  • ប្រើប្រាស់ពូជធន់នឹងជម្ងឺ
  • ធ្វើការសំអាតដីឱ្យបានស្អាតល្អ ដោយភ្ជួរហាលដី ក្រោយប្រមូលផល
  • ជ្រើសរើសទីតាំងដាំ ដាច់គេឯង (ពីដំណាំផ្សេង) ឬ មិនមានដាំដំណាំអំបូរ ត្រសក់(ដូចជា ត្រសក់ស្រូវ ត្រសក់ទ្រើង ឳឡឹក ត្រឡាច ល្ពៅ ..) នៅក្បែរ។
  • ដាំដំណាំឆ្លាស់ ពី ២ ទៅ ៣ ឆ្នាំ លើដំណាំអំបូរខុសគ្នា (ពីត្រសក់)
  • តាមដាននូវការវិវឌ្ឍន៍របស់ដំណាំជាប្រចាំ ក្នុងករណីដែលជួបប្រទះ ឬ អាចការពារ មុន ហើយគួរប្រើប្រាស់ថ្នាំ (ម៉ុងកូហ្សេព និង កូបភើ ហាយឌ្រុកសាយ) Mancozeb& Copper Hydroxide) តាមកម្រិតណែនាំ។

ជម្ងឺ Downy Midew និង ជម្ងឺ Powdery Midew

លើស្លឹកត្រសក់បង្កឡើងដោយពពួកផ្សិត ដែលច្រើនជួបប្រទះ នៅដំណាក់កាល ផ្លែ ។ វាកើតមាននៅ លើស្លឹកត្រសក់ ដែលប្រែពណ៌ពីបៃតងចាស់ ទៅលឿងទុំ យ៉ាងឆាប់រហ័ស ។ ផ្នែកខាងក្រោមនៃស្លឹក មាន ចេញជាម្សៅ។

វិធានការការពារ

  • ប្រើប្រាស់ពូជធន់នឹងជម្ងឺនេះ ។
  • ជ្រើសរើសទីតាំងដែលមានចរន្តខ្យល់បក់ ល្អ និង ជៀសវាងម្លប់ដើមឈើធំៗ។
  • ជៀសវាងដាច់ខាតការស្រោចទឹក តាមវិធីបាញ់ពីលើស្លឹក។
  • ជៀសវាងការស្រោចទឹក នៅពេលព្រលឹមពេក នៅពេលដែលស្លឹកមានសំណើមដោយទឹកសន្សើម និង នៅពេលល្ងាចពេក នៅពេលដែលស្លឹក មិនមាន លទ្ធភាព ក្នុងការសំងួតផ្ទៃរបស់វា មុនពេលមានសំណើម។
  • រក្សាបរិមាណជីជាតិអាសូតក្នុងកម្រិតសមស្របត្រូវការដោយដំណាំ ហាមបើជីនេះ ច្រើនជ្រុលពេក ពិព្រោះវាធ្វើឱ្យផ្លែផ្ទះប្រេះ (ពិសេស ពូជ សំបករលោង)
  • តាមដាននូវការវិវឌ្ឍន៍របស់ដំណាំជាប្រចាំ ក្នុងករណីដែលជួបប្រទះ ឬ អាចការពារមុន និង គួរប្រើប្រាស់ថ្នាំ (ម៉ុងកូហ្វេព និង កូបភើហាយឌ្រុកសាយ) (Mancozeh &Copper Hydroxide) តាមកម្រិតណែនាំ។

ជម្ងឺកញ្រឹ្ជលផ្លែលើផ្លែត្រសក់

នេះជាជម្ងឺ ដែលច្រើនជួបប្រទះ នៅដំណាក់កាលផ្លែ ចំពោះតែពូជសំបករលោង ។ វាកើតនៅលើសំបកពីដំបូងមានកន្ទួលពណ៍បៃតងអុជតូចៗ រួចចេះតែរីកធំ ហើយលេចចេញកាន់តែច្បាស់ឡើងនៅពេលផ្លែចាស់ទៅ។ ដំណាក់ចុងក្រោយ(ផ្លែជិតទុំ) វាអាចក្លាយជាដំបៅខូងអុជដុំៗ។ជម្ងឺនេះឆ្លងយ៉ាងរហ័សពីផ្លែមួយទៅផ្លែមួយ។ ដូច្នេះ ពេលឃើញមានកើតលើផ្លែណាមួយ គេគួរ ប្រញាប់បេះវាដុតចោល ឱ្យឆ្ងាយពីចំការ។