ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

របៀបដាំក្រូចឆ្មារ និងការថែទាំ 

ក្រូចឆ្មារគឺជាដើមឈើហូបផ្លែម៉្យាងដែលមានអាយុវែងដូច្នេះការដាំដុះ និងថែទាំ គឺទាមទារនូវលក្ខណៈពិសេសមួយខុសពីដំណាំចម្ការធម្មតា។ ការរៀបចំដីចម្ការ និងការជ្រើសរើសពូជជាការងារមួយចាំបាច់បំផុត ដែលត្រូវអនុវត្តឲ្យបានល្អ ។ 

១. ការជ្រើសរើសដី 

ដីដែលសមស្របល្អសម្រាប់ដំណាំនេះ គឺដីដែលមានជីវជាតិច្រើន ស្រទាប់ទីមួយជ្រៅ ដីមិនដក់ ឬជាំទឹក ជាំដីទួល ឬដីដែលស្ថិតនៅតាមតំបន់ខ្ពង់រាប និងជាដីដែលមាន pH ប្រហែល ៦.៥ ។ 

១.១ ការរៀចំពូជ 

ជាទូទៅគេអាចផ្សាំក្រូចតាមវិធី ៣ យ៉ាងៈ ការបណ្តុះដោយគ្រាប់ ការបំបៅមែក ការផ្សាំ។ 

១.២ ការដាំក្រូចឆ្មាដោយសាក ឬបំបៅមែក 

បើសភាពដីខ្ពស់គ្មានទឹកដក់ជន់ ចាំបាច់ត្រូវមានប្រភពទឹកគ្រប់គ្រាន់ នៅគ្រប់រដូវ ។ ចំពោះកិច្ចការដែលត្រូវធ្វើមុនពេលដាំគឺៈ

  • ធ្វើដីឲ្យបានរាបស្មើរ ភ្ជួរលុបស្មៅកម្ទេចកម្ទីកាកសំណល់ យ៉ាងតិចឲ្យបានពីរដងដើម្បីធ្វើឲ្យដីធូរតែបើដាំលើដីចាស់គ្មានជីវជាតិត្រូវធ្វើការកែប្រែដីតាមរយៈការព្រោះពពួកសណ្ដែកលើដីនោះពេលសណ្ដែកដុះលូតលាស់ល្អទើបភ្ជួរលប់ធ្វើបែបនេះទើបអាចរក្សានូវសារធាតុចិញ្ចឹមបានល្អ ។
  • ជីករណ្ដៅទំហំប្រមាណ ០.៥០ ទៅ ១ ម៉ែត្រ ប្រឡោះដើម ប្រឡោះជួរ ៥.៥ ទៅ ៦ ម៉ែត្រ ដូច្នេះក្នុងទំហំ ១ រ៉ៃ អាចដាំក្រូចបានពី ៤៥ ទៅ ៥០ ដើម ។
  • ល្បាយដីជាមួយជីផ្អាប់ ឬជីអាចម៍គោជាមួយកម្ទេចស្មៅ ស្លឹកឈើងាប់ច្របល់ចូលគ្នា រួចយកទៅចាក់ឲ្យពេញមាត់រណ្ដៅ ។
  • យកមែកក្រូចដែលបានសាក ដាក់ចំកណ្ដាលរណ្ដៅ លុបដីត្រឹមផ្នែកខាងលើនៃមែកផ្សាំ (ដុំស្រកីដូង) ហើយសង្កត់ឱ្យណែន បន្ទាប់មកបោះបង្គោល ចងផ្អោបមែកសាកនោះ ដើម្បីកុំឲ្យរង្គើល ឬយោគ ទើបស្រោចទឹកឲ្យជោកជាក្រោយ។
  • ដើម្បីឲ្យកូនឆាប់លូតលាស់ អាចយកធាងដូង ឬមែកឈើដែលមានស្លឹកធំៗ មកបាំងជុំវិញរណ្ដៅបន្ថែមទៀត។ 

២. ការថែទាំ 

ដើម្បីឲ្យការដាំក្រូចឆ្មារទទួលបានទិន្នផលខ្ពស់ជាការចាំបាច់ដោយយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗមួយចំនួនដូចជាៈ

ការស្រោចស្រពៈ ស្រោចទឹករាល់ថ្ងៃក្នុងអំឡុងពេលទើបដាំ ពេលកូនក្រូចមានទំហំរឹងមាំហើយប្រហែល ២សប្តាហ៍ អាចកាត់បន្ថយការស្រោច ដោយស្រោចមួយថ្ងៃខានមួយថ្ងៃក៏បាន និងពេលកូនក្រូចឆ្មារមានអាយុកាល ២ ឆ្នាំឡើង គេអាចធ្វើការស្រោចដោយទុយោបានហើយក្នុងអំឡុងពេលចេញផ្កាក្រូចឆ្មារត្រូវការទឹកក្នុងកម្រិតតិចតួចពីរយៈពេលខ្ចីរហូតដល់ទុំក្រូចឆ្មារត្រូវការទឹកច្រើន ប៉ុន្តែពេលផ្លែក្រូចជិតចាស់វាត្រូវការទឹកថយចុះ ព្រោះផ្លែជិតទុំ។

ការប្រើប្រាស់ជីៈ ក្រូចឆ្មារក៏មិនខុសពីរុក្ខជាតិដទៃទៀតដែរត្រូវការសារធាតុចិញ្ចឹមជាច្រើនដើម្បីលូតលាស់ ទ្រទ្រង់ និងចែកចាយដល់គ្រប់សរីរាង្គដែលកំពុងលូតលាស់ដូចជាដើម មែក ស្លឹក ផ្កា និងផ្លែ ។ 

នៅពេលក្រូចឆ្មារមានក្ដឹបទំហំ ប្រហែល ១២ សង់ទីម៉ែត្រ ត្រូវដាក់ជី ១៥-១៥-១៥ ក្នុងបរិមាណ ១ គីឡូក្រាម/ដើម មុនពេលបេះផ្លែរយៈពេល ២ ខែដើម្បីឲ្យផ្លែមានរសជាតិល្អ ។ ក្រោយពេលបេះផ្លែអស់ត្រូវដាក់ជីលាមកគោក្នុងបរិមាណ ២ ទៅ ៣ ប៉ោត/ដើម ដើម្បីឲ្យដើមក្រូចដុះលូតលាស់បានលឿន។ រីឯដើមក្រូចឆ្មារដែលមានអាយុកាល ៥ ទៅ ៦ ឆ្នាំ ក៏អាចដាក់ជី ១៥-១៥-១៥ ក្នុងបរិមាណ ១ គីឡូក្រាម/ដើមបានដែរ ។ 

ឯកសារយោង: elibrary maff.gov todoarlboles posposmo

Writer