ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ដំណាំ​​បន្លែ៥មុខដែលអាចដាំបាននៅរដូវក្តៅ

ចាប់ពីខែមីនា ដល់ខែមេសា អាកាសធាតុក្តៅខ្លាំង ហើយរំហួតក្នុងបរិយាកាសក៏កើតមានឡើង ធ្វើឱ្យដំណាំបន្លែជាច្រើនលូតលាស់ពុំបានល្អឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបន្លែទាំងប្រាំនេះគឺដុះលូតលាស់ល្អទោះជាស្ថិតក្នុងអាកាសធាតុក្តៅក៏ដោយ។

ពោតបារាំង

សីតុណ្ហភាពដែលល្អបំផុតសម្រាប់ដាំដំណាំពោតបារាំងនេះគឺពី23-32អង្សាសេ។ ពោតបារាំងត្រូវការដីដែលមានជាតិសំណើមគ្រប់គ្រាន់ពេញមួយរយៈពេលលូតលាស់របស់វាតែម្តង ប្រសិនបើចង់ឱ្យមានការលូតលាស់ និងទទួលបានទិន្នផលល្អ។ កុំស្រោចស្រពដំណាំពេលដាំដំបូងខ្លាំងពេក ព្រោះវាអាចធ្វើឱ្យដីត្រជាក់ និងធ្វើឱ្យដំណាំលូតលាស់យឺត។

ល្ហុង

សីតុណ្ហភាពល្អបំផុតសម្រាប់ផ្លែល្ហុងចាប់ពី 21-32 អង្សាសេ។ សីតុណ្ហភាពដីត្រូវតែនៅលើ 15អង្សាជានិច្ចដើម្បីឱ្យមានការលូតលាស់ល្អ។ សីតុណ្ហភាពក្តៅ ឬត្រជាក់ខ្លាំងពេកអាចប៉ះពាល់ដល់ដើមឬផ្លែឈើរបស់វា។

ពោត

សីតុណ្ហភាពប្រសើរបំផុតសម្រាប់ការដុះលូតលាស់របស់ដំណាំពោត គឺចាប់ពី១៨ ទៅ៣២អង្សា ជាមួយសីតុណ្ហភាព៣៥អង្សា និងលើសពីនេះគឺមិនសមស្របសម្រាប់ការដាំដុះដំណាំពោតនោះទេ។ សីតុណ្ហភាពដីដែលល្អប្រសើរសម្រាប់ការដុះពន្លកគ្រាប់និងការលូតលាស់កូនពោតដំបូងពី១២អង្សា ឬលើសពីនេះ និងសីតុណ្ហភាពល្អបំផុតគឺ២១ ទៅ៣០អង្សានៅពេលចេញផ្កា។ សីតុណ្ហភាពទាបគឺជាកត្តាកំណត់ដ៏កម្រសម្រាប់ផលិតកម្មដំណាំពោតនៅកម្ពុជា។ យ៉ាងណាក៏ដោយសីតុណ្ហភាពខ្ពស់ដែលលើសពី៣៨អង្សា ក្នុងខែមីនានិងខែមេសាអាចជាកត្តាកំណត់ក្នុងអំឡុងពេលចាប់ផ្តើមដាំនៅរដូវវស្សា នៅពេលដែលដំណាំទទួលរងនូវសម្ពាធកំដៅបំផុត។

ត្រឡាច

ដំណាំត្រឡាចអាចដាំដុះបានពេញមួយឆ្នាំគឺអាស្រ័យទៅតាមតំបន់ដាំដុះ នៅក្នងប្រទេសកម្ពុជាយើងគេបែងចែករដូវដាំដុះត្រឡាចជាពីររដូវ គឺរដូវទឹកស្រកភាគច្រើនតែនៅតំបន់ទំនាបមាត់ទន្លេសាបឬតាមបណ្តោយមាត់ទន្លេមេគង្គចាប់ផ្តើមពីខែវិច្ឆិកានិងប្រមូលផលនៅខែធ្នូ រហូតដល់ខែកុម្ភៈ។ នៅតំបន់ខ្ពង់រាបភាគច្រើនគេដាំនៅរដូវវស្សាព្រមទាំងតំបនេះភាគច្រើនគេដាំឱ្យវាឡើងធ្នើរខ្ពស់ផុតពីដី។

ឪឡឹក

គេអាចដាំដុះស្ទើពេញមួយឆ្នាំប៉ុន្តែសំខាន់បំផុតគឺវាអាស្រ័យទៅតាមតំបន់វាលទំនាប និងមាត់ទន្លេបាសាក់ មេគង្គ និងទន្លេសាប។ គេអាចដាំពីខែតុលា វិច្ឆិកា ធ្នូ និងមករា និងប្រមូលផលនៅខែធ្នូ ខែមករា និងខែកុម្ភៈ។ ប៉ុន្តែចំពោះតំបន់ខ្ពង់រាបនិងតំបន់ភ្នំគេអាចដាំពីខែឧសភា មិថុនា កក្កដា សីហា កញ្ញា និងខែតុលា។ ការជ្រើសរដូវកាលគឺសំខាន់ទៅលើលក្ខខណ្ឌអាកាសធាតុ វាអាចដុះលូតលាស់ចន្លោះពី១៥-៣៥អង្សា។ សីតុណ្ហភាពសម្រាប់ដំណុះល្អ ២០-២២អង្សា។ ដំណាក់កាលចេញផ្កា ២៤-២៧អង្សា វគ្គទុំ ២៧-៣០អង្សា។ ពេលយប់យូរសីតុណ្ហភាព ២០-២៤អង្សា និងពេលថ្ងៃ ២៥-៣០អង្សា អាចធ្វើឱ្យវាទុំក្រហមល្អ ជាតិស្ករច្រើន។ វាត្រូវការទឹកភ្លៀងក្នុងដំណាក់កាលលូតលាស់ រយៈពេល៣ខែ ចំនួន១២០-១៨០មម ជាមធ្យមប្រចាំឆ្នាំ១២០០មម និងសំណើមបរិយាកាស៥០%ជាមធ្យម។ គេអាចដាំឪឡឹកតាមច្រើនវិធី អាស្រ័យទៅតាមតំបន់ដាំដុះគឺដាំដោយគ្រាប់ផ្ទាល់និងដាំដោយបណ្តុះ។

ឯកសារយោងៈmaff.gov.kh,​oregonstate.edu,weekand.com,aciar.gov.au

Writer