ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

អត្ថប្រយោជន៍គ្រាប់ស្វាយចន្ទីចំពោះសុខភាព

ដំណាំស្វាយចន្ទីត្រូវបានដាំដុះយ៉ាងច្រើនក្នុងប្រទេសកម្ពុជាយើង ហើយគ្រាប់ស្វាយចន្ទីគឺជាគ្រាប់ធញ្ញជាតិមួយប្រភេទដែលសម្បូរទៅដោយជីវជាតិនិងអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពដូចជា៖

ផ្តល់សុខភាពដល់សាច់ដុំ និងសរសៃប្រសាទ

គ្រាប់ស្វាយចន្ទីជាប្រភពដ៏ល្អមួយនៃជាតិម៉ាញ៉េស្យូម ដែលសំខាន់សម្រាប់សាច់ដុំ ឆ្អឹង និងសរីរាង្គក្នុងពោះ។ ជាតិរ៉ែមួយនេះអាចជួយសម្រួលដល់សម្ពាធឈាម ទ្រទ្រង់ដល់មុខងារសរសៃប្រសាទ និងឆ្អឹងកាន់តែរឹងមាំ។

ល្អចំពោះបេះដូង

គ្រាប់ស្វាយចន្ទីល្អបំផុតសម្រាប់បេះដូងដោយសារតែវាមិនមានកូឡេស្តេរ៉ុលអ្វីទាំងអស់ តែផ្ទុកទៅដោយអង់ទីអុកស៊ីដង់ដ៏ច្រើនដែលអាចបន្ថយការប្រឈមនឹងបញ្ហាបេះដូងបាន។ វត្តមានម៉ាញ៉េស្យូមក៏ជួយបញ្ចុះសម្ពាធឈាម និងបង្ការការកើតជំងឺគាំងបេះដូងទៀតផង។

បន្ថយការប្រឈមការកង្វះគ្រាប់ឈាម

គ្រាប់ស្វាយចន្ទីល្អក្នុងការបន្ថយជំងឺកង្វះគ្រាប់ឈាមដោយសារតែវាផ្ទុកទៅដោយជាតិដែកគ្រប់គ្រាន់សម្រាប់ដឹកជញ្ជូនអុកស៊ីសែនក្នុងរាងកាយ ព្រមទាំងទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំថែមទៀតផង។

បង្ការគ្រួសក្នុងថង់ទឹកប្រមាត់

តាមការសិក្សាបានបង្ហាញថា ស្រ្តីដែលញ៉ាំគ្រាប់ស្វាយចន្ទី ២៨.៣ក្រាមក្នុងមួយសប្តាហ៍ អាចបន្ថយការប្រឈមនឹងការកើតគ្រួសក្នុងថង់ទឹកប្រមាត់បាន។

ជំរុញដល់ប្រព័ន្ធភាពស៊ាំ

គ្រាប់ស្វាយចន្ទីក៏ជួយទ្រទ្រង់ដល់សុខភាពប្រព័ន្ធភាពស៊ាំដែរ ក្នុងការជំរុញដល់ការកំចាត់ការបង្ករោគ និងការជាសះរបួស។ នេះដោយសារតែគ្រាប់ស្វាយចន្ទីសម្បូរជាតិស័ង្គសី ហើយអាចបន្ថយការបង្ករោគបានផង និងជំរុញដល់របួសឆាប់ជាទៀត។

ដោយឡែក ផ្លែរបស់វាដែលគេច្របាច់យកទឹកក្នុងចំណុះ១០០មីលីលីត្រគឺផ្ទុកវីតាមីន Cប្រមាណជា២០០-២២០មីលីក្រាម៕

ឯកសារយោង: kohsontepheapdaily.com, www.health.com

Writer