ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ដំណាំស្ពៃខៀវអត់រើសរដូវពេលដាំដុះទេ តោះ! មកដឹងពីបច្ចេកទេសដាំស្ពៃខៀវឱ្យបានទិន្នផលខ្ពស់

សម្រាប់បងប្អូន មានដីទំនេរ មិនដឹងដាំដុះអ្វី ហើយចូលចិត្តការដាំដុះបន្លែ ក៏ដូចជាទទួលទានបន្លែ អាចសាកល្បងដាំដុះ បន្លែស្ពៃខៀវ ឬស្ពៃខ្មៅនេះបាន ព្រោះវាមិនពិបាកក្នុងការថែទាំទេ ហើយឆាប់បានប្រមូលផលផងដែរ។ មុនដាំដុះ សូមបងប្អូន ចេះជ្រើសរើសពូជ ដែលមានភាពធន់ទៅនឹងសត្វល្អិតបំផ្លាញ យកមកដាំដុះ ដើម្បីកាត់បន្ថយពលកម្មក្នុងការថែទាំ។ ការដាំដុះស្ពៃខៀវ ឬស្ពៃខ្មៅនេះ គឺជា មុខរបរមួយដែលអាចជួយរកចំណូលឲ្យគ្រួសារបានមួយផ្នែកផងដែរ។

១. ការជ្រើសរើសរដូវ

ដំណាំស្ពៃខៀវក៏ជាដំណាំមួយដែលមិនប្រកាន់រដូវដែរ ប៉ុន្ដែការជ្រើសរើសរដូវក្នុងបំណងចៀសផុតពីការបំផ្លាញដោយសត្វល្អិតចង្រៃនៅរដូវក្ដៅចាប់ពីខែកុម្ភៈ ដល់ខែឧសភានៃប្រទេសកម្ពុជាយើង។ រដូវដែលសមស្រប គឺខែតុលា ដល់ខែធ្នូ និងពីខែកក្កដា ដល់ខែតុលា ចំពោះតំបន់ខ្ពង់រាប និងតំបន់ភ្នំ។ សីតុណ្ហភាពប្រសើរគឺពីចន្លោះ ២០ ទៅ ២៤ អង់ហ្សាសេជាមធ្យមប្រចាំថ្ងៃ។បច្ចេកទេសដាំដុះគឺរាប់បញ្ចូលទៅលើការជ្រើសរើសពូជ ការជ្រើសរើសដី ការរៀបចំដី ការសាបកូន និងការដាំដុះ។

២. ការជ្រើសរើស និងរៀបចំដី

  • ការជ្រើសរើសដីៈ ដំណាំប្រភេទនេះត្រូវការដីធូរមានជីវជាតិគ្រប់គ្រាន់សម្រាប់ដាំដុះ ជ្រៅស្ងួតទឹកល្អក្រោយពីស្រោច ឬភ្លៀង ដូចជាប្រភេទដីគ្រួសខ្មៅដីក្រហម ដីល្បាយខ្សាច់ ដីល្បាប់ក្បែរមាត់ទន្លេ ឬ     ដីល្បាយធម្មតា ប៉ុន្តែវាមិនអាចទទួលទិន្នផលល្អលើប្រភេទ ដីឥដ្ឋ ឬដីកណ្តេងខ្លាំងឡើយ ជាមធ្យមតម្រូវការដីដែលមាន pH ចន្លោះពី៥,៥-៧,៥។
  • ការរៀបចំដី: ដីសម្រាប់ដាំស្ពៃត្រូវរាស់ប្រមូលយកស្មៅ និងកាកសំណល់រុក្ខជាតិ និងដំណាំ   ផ្សេងៗពីរដូវមុនចេញ ហើយភ្ជួរហាលដីឲ្យស្ងួតរយៈពេល ៥-៧ ថ្ងៃ ហើយរាស់បំបែកដីឲ្យហ្មត់ដើម្បីឲ្យស្មៅចង្រៃងាប់ និងដីធូរ។ ការភ្ជួររាស់ត្រូវធ្វើឲ្យបានច្រើនលើក ២-៣ លើកទើបអាចលើករងបាន។ របៀបលើករង ឬ ថ្នាលគឺត្រូវឲ្យមានទទឹងប្រវែង ១ ម៉ែត្រចន្លោះ រង ២០-៣០ ស.ម បណ្តោយទៅតាមសភាពដីហើយកម្ពស់រង ១៥-២០ ស.ម បន្ទាប់មករាស់ និងវាយបំបែកដីលើរង ឲ្យល្អិត កឿរឲ្យស្មើតាមរងនីមួយៗ។

៣. ការសាបកូន និងដាំដុះ

ការដាំដុះដំណាំស្ពៃខៀវគេអាចដាំបាន២របៀបគឺ ការសាបកូនហើយដកយកទៅស្ទូង ឬ ការសាបគ្រាប់ឲ្យរង្វើលៗហើយដករំលោះកូនចេញដោយទុកឲ្យមានចន្លោះគុម្ព ១៥-២០ ស.ម ។

ក-វិធីសាស្ត្រសាបកូន

ថ្នាលសម្រាប់សាបកូន ត្រូវកាប់ហាលដីឲ្យស្ងួតវាយបំបែកដីឲ្យល្អិត ជ្រោយនិងហាល ដីឲ្យបានជ្រើនលើក កៀវឲ្យស្មើរ បាចជី ១៥-១៥-១៥ ចំនួន ២០០ក្រាម ក្នុងផ្ទៃដី ១០ម២ និង រោយថ្នាំ Furadam ការពារ និងកំចាត់សត្វល្អិតនៅក្នុងដី បន្ទាប់មកយកគ្រាប់ស្ពៃទៅត្រាំទឹក ២ ម៉ោង ហើយផ្អាប់ ១យប់បន្ទាប់មកយកទៅសាប។ ចំនួន(២៥) ផ្ទៃថ្នាល ១០ម២ ក្រោយសាបហើយត្រូវយកកំទេចចំបើងស្ងួតកាត់ខ្លីៗបាចពីលើ ហើយស្រោចទឹកឲ្យជោគ ប្រសិនបើនៅរដូវវស្សាគួរធ្វើគំរបការពាភ្លៀង និង    កំដៅ។ ការថែទាំកូនស្ពៃៈ ក្រោយពីសាបរយៈ ពេល៧ថ្ងៃ ស្រោចជីបំប៉នឲ្យកូនស្ពៃក្រៅ ក្រៅពីនោះការដកស្មៅ និងការកំចាត់សត្វល្អិតក៏ត្រូវធ្វើឡើងដែរប្រសិនបើមាន ស្មៅ ឬសត្វល្អិតបំផ្លាញ។ ពេលកូនស្ពៃមានអាយុ ១៥-១៨ ថ្ងៃ មានសន្លឹកពី២-៣ អាចយកទៅស្ទូងបាន។

ខ-វិធីសាស្ត្រស្ទូងកូនស្ពៃ

ត្រូវស្រោចទឹកថ្នាលកូនស្ពៃឲ្យជោគមុនដកកូនស្ពៃ រយៈពេល៣០នាទីក្រោយមក ដកកូនស្ពៃ  ថ្នមៗការពារដាច់ឫស រលួយគល់ និងបាក់ធាងស្ពៃ ។ ការដកត្រូវជំរើសកូនស្ពៃ ដែលធំស្មើគ្នាល្អ។ ក្រោយពីដកបានហើយត្រូវយកទៅស្ទូងលើថ្នាលដែលរៀបចំហើយ តែមុនស្ទុងត្រូវស្រោចទឹកលើថ្នាលឲ្យជោគ បាចកំទេចចំបើងដែលបានកាត់ខ្លីៗ រួចជាស្រេច ពីលើថ្នាលទើបស្ទួងកូនស្ពៃចន្លោះគុម្ព ១៥ ស.ម និងចន្លោះជួរ ២០ស.ម ក្រោយស្ទូងហើយ ត្រូវស្រោចទឹកឲ្យជោគភា្លម ។

គ-ការដាំដោយសាបគ្រាប់ផ្ទាល់

ការដាំដោយសាបគ្រាប់ផ្ទាល់ គេត្រូវយកគ្រាប់ពូជមួយស្លាបព្រាបាយស្មើរ សាបឲ្យរង្វើលៗលើផ្ទៃដី ១០ ម២(មួយថ្នាល) ហើយរោយកំទេចចំបើងខ្លីៗ ពីលើបន្ទាប់មកស្រោច ទឹកឲ្យជោគ ព្រឹកល្ងាច រហូតដល់ពេលស្ពៃមានអាយុ ១០ ថ្ងៃទើបដករំលោះកូនចេញលើកទី១ ទុកឲ្យរង្វើល និងលើកទី២ គឺ ១៥ ថ្ងៃ ក្រោយសាបត្រូវដករំលោះដោយទុកឲ្យមានចន្លោះ ១៥ស.ម និងចន្លោះជួរ ២០ស.ម ហើយត្រូវស្រោចជីបំប៉ន និងបង្កើនការស្រោចទឹក ឲ្យបានច្រើន ធ្វើឲ្យស្ពៃឆាប់លូតលាស់។

៤. ការថែទាំ គ្រប់គ្រងសត្វល្អិត និងជំងឺ

ក- ការជ្រួយដី

ការជ្រូយដីក្រោយពីស្ទូងបានរយៈពេល ៧-១០ថ្ងៃ គឺធ្វើឲ្យដីធូរ ជ្រាបទឹកល្អ មានខ្យល់គ្រប់គ្រាន់សំរួលដល់ការដុះលូតលាស់ព្រមទាំងបន្ថយការដុះស្មៅ។ មុនជ្រួយដីឡើងវិញ ត្រូវដកស្មៅចេញផ្អាកការស្រោចទឹក ១-២ ថ្ងៃទើបអាចជ្រួយបានប្រើដោយកូនចបកាប់ បំបែកដីមុន និងហាលដីនោះ ១ ថ្ងៃ ឲ្យស្ងួត និងឲ្យស្មៅចង្រៃលែងលូតលាស់។ អាចដក លើកទី២ នៅពេលស្ពៃមានអាយុ ២៥ថ្ងៃ ក្រោយស្ទួងតែហាមជ្រួយដី។

ខ- ការស្រោចស្រព

ដំណាំនេះមិនត្រូវការទឹកខ្លាំងដូចដំណាំឯទៀតឡើយ ប៉ុន្តែវាត្រូវការទឹករាល់ថ្ងៃ។ ជាធម្មតាគេស្រោចទឹកមួយថ្ងៃ ២ លើក គឺ ព្រឹក និងល្ងាច ដោយប៉ោត និងដោយម៉ាស៊ីនបាញ់ទឹក។ នៅរដូវវស្សាកាលណាមានភ្លៀងធ្លាក់នៅពេលយប់ ព្រលឹមឡើងគេត្រូវស្រោច ឬបាញ់ទឹក លាងស្លឹកស្ពៃឲ្យស្អាត   កំទេចដីដែលជាប់ឬ ដក់នៅក្នុងបណ្តូលស្ពៃ ដែលជាហេតុធ្វើឲ្យរលួយបាន។


គេចែកការស្រោចស្រពជា ២ ផ្នែក គឺ ១ អាយុកាលរបស់ស្ពៃ ដែលចាប់ពីបាចគ្រាប់ រហូតដល់មានសន្លឹកពិត ២ ការស្រោចទឹកជាមធ្យម តែចាប់ពីពេលមានសន្លឹក ៣ ឡើងទៅ ការស្រោចស្រពត្រូវបង្កើនបរិមាណទឹក ឬ ចាប់ពីពេលស្ទូងស្ពៃហើយរហូតដល់ពេលប្រមូលផល។

គ- ការដាក់ជី

ដំណាំស្ពៃត្រូវការសាធាតុចិញ្ចឹម ៣ យ៉ាងសំខាន់ៗដូចដំណាំឯទៀតដែរ ប៉ុន្តែវាត្រូវការកំរិត  ខុសគ្នាទៅតាមអាយុកាលរបស់វា។ សារធាតុសំខាន់ៗមានអាសូត ផូស្វ័រ និងប៉ូតាស្យូម។ ប៉ុន្តែទោះជាយ៉ាងណាក៏ស្ពៃប្រភេទនេះជាដំណាំយកស្លឹកវាត្រូវការ ធាតុអាសូតច្រើនជាងសារធាតុឯទៀតៗ គេចែកការដាក់ជីជា ៣ ដំណាក់កាលគឺៈ

  • ដំណាក់កាលមុនពេលសាបគ្រាប់ ឬស្ទូង គេប្រើប្រភេទជី ១៥-១៥-១៥ ចំនួន ១៣៥ គ.ក្រ ហើយរាស់លប់ទៅក្នុងដី ។
  • ការស្រោចជីបំប៉នដោយយកប្រភេទជីអ៊ុយរ៉េ ចំនួន ៦៥ គ.ក្រ លាយជាមួយទឹកស្រោច លើផ្ទៃដី ១ ហ.ត របៀបប្រើគឺ ១ ស្លាបព្រាបាយលាយទឹក ១ ធុង ស្មើនឹង ១៨ លីត្រស្រោចលើផ្ទៃដី ១០ ម២ ហើយត្រូវស្រោចទឹកលាងតាមក្រោយឲ្យជោគការពារកុំឲ្យជីដក់នៅក្នុងកំពូលកូនស្ពៃបាន ៨-១០ថ្ងៃ ឬក្រោយស្ទូង ៥-៧ថ្ងៃ។
  • ការដាក់ជីបំប៉នលើកទី២ គឺក្រោយសាបរយៈពេល ១៥-១៨ ថ្ងៃ ឬក្រោយស្ទូង១០ថ្ងៃ ប្រភេទ ជី ១៥-១៥-១៥ ចំនួន (១០០-១៥០ក្រាម) លើផ្ទៃដី ១ថ្នាល ១០ម២ ត្រូវរោយតាមចន្លោះគុម្ពហើយស្រោចទឹកឲ្យជោគ។

៥. ការគ្រប់គ្រងសត្វល្អិត និងជំងឺ

ដំណាំស្ពៃ ដូចនឹងដំណាំមួយចំនួនធំទៀតដែរ ដែលទទួលការយាយីរបស់ពពួកសត្វល្អិត ដែលមានដូចជា សត្វទៀកគូ ដង្កូវស៊ីត្រួយ ដង្កូវស៊ីស្លឹក ដង្កូវយោលទោង..។

ក្រៅពីនេះដំណាំស្ពៃក៏ប្រឈមនឹងជំងឺមួយចំនួនដូចជា  ជំងឺរលាកស្លឹក (Alternaria leaf spot) ជំងឺរលាកគល់  (Rhizoctonia Damping-off) និងផ្សិតគល់ (Pythium blight)…។

វិធានការការពារ និងកម្ចាត់

  • ឧស្សាហ៍ចុះត្រួតពិនិត្យចាប់ដង្កូវ
  • ដកដើមដែលមានជំងឺចោល
  • ជ្រើសរើសពូជធន់សត្វល្អិត និងជម្ងឺ
  • ដាំដំណាំចម្រុះ
  • ប្រើជីធម្មជាតិជាប្រចាំ
  • រក្សាសំណើមដីឲ្យបានល្អ
  • ប្រើចំបើងគ្រប ឬប្រើប្លាស្ទិចគ្របរង។

៦. ការប្រមូលផល

ដំណាំស្ពៃខៀវ ឬស្ពៃខ្មៅគឺ ការដាំរហូតដល់ប្រមូលផល មានរយៈពេល៣០ ទៅ ៣៥ថ្ងៃ។ គេដកទាំងគល់ស្ពៃ ហើយប្រមូលផលតែ ១ លើកទាំងអស់តែម្តង ដោយមិនបានទុកពូជសម្រាប់ដាំនៅរដូវក្រោយទេ គឺទិញពូជពីផ្សារមកដាំបន្តទៀត។

ឯកសារយោង: ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ, នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម

Writer